មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការអមដំណើរ ទស្សនកិច្ចនៅឯចម្ការមីនក្នុងភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា អស់ពេលជាង ៧ឆ្នាំមកហើយ ដែលប្រទេសអាល្លឺម៉ង់បានជួយកម្ពុជា លើវិស័យដោះមីន ដែលមានទឹកប្រាក់ប្រមាណជាង ១៧លានអឺរ៉ូ។ ឯកឧត្តមបន្តថា ក្នុងរយ:ពេលជាង ៧ឆ្នាំនេះ ក្រោមជំនួយរបស់ប្រទេសអាល្លឺម៉ង់ ចម្ការមីនចំនួន៥៤៧ ដែលមានផ្ទៃដីទំហំ ២៤គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ១សែននាក់។ឯកឧត្តមលី ធុច បានបន្តឲ្យដឹងថា សម្រាប់កម្ពុជាផ្ទាល់ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីននេះ ដោយបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជា អស់គ្រាប់មីន។ ប៉ុន្តែ ទោះយ៉ាងណា ឯកឧត្តម លី ធុច បានសង្កត់ធ្ងន់ថា កិច្ចការនេះ មិនមែនកម្ពុជា តែម្នាក់ឯងអាចធ្វើទៅបានទេ គឺទាមទារឲ្យមានការជួយពីសំណាក់ប្រទេសជាមិត្តដូចជាអាល្លឺម៉ង់នេះជាដើម។សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,៥៥៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីនប្រឆាំងមនុស្ស ចំនួន១,១៥៣,២១៧ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦,១៣៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,០៣៤,៧២៧គ្រាប់ ព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៩លាននាក់។ ជាមួយគ្នានោះ រាជធានី ខេត្តចំនួន៦ បានប្រកាសអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។សម្រាប់ឆ្នាំ២០២៣នេះ ផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា គ្រោងធ្វើការបោសសំអាត ដែលទទួលបានការគាំទ្រពីសម្តេចតេជោ តាមរយ:មូលនិធិកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥ និងដៃគូរអភិវឌ្ឍន៍។សូមជម្រាបជូនថា ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ អញ្ជើញមកទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងនោះមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ដោយឯកឧត្តម និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងពិនិត្យគម្រោងអភិរក្សទេពអប្សររបស់អាល្លឺម៉ង់ផងដែរ៕