ខេត្តសៀមរាប ៖រដ្ឋាភិបាលកូរ៉េ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ជួយគាំទ្រដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា ដើម្បី លើកកម្ពស់ដល់សកម្មភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ។
លោក ដុង អ៊ុនប៉ាក់ (Dong Un Park) អ្នកស្រាវជ្រាវវិទ្យាស្ថានគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នៃសាធារណៈ កូរ៉េ លើកឡើងនៅក្នុងសិក្ខាសាលានៃការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទ្វេភាគីអាស៊ាន-កូរ៉េ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា ជុំវិញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ កូរ៉េបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាំងពីឆ្នាំ២០១៨កន្លងមក ដោយកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍ ក៏ដូចជាការស្រាវជ្រាវ។ ដោយសិក្ខាសាលានេះផងដែរ មានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការប្រមូលនូវមតិយោបល់ សម្រាប់ជាធាតុចូលបន្ថែមទៀត ពីក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែមឲ្យចំគោលដៅ។
លោក ដុង អ៊ុនប៉ាក់ បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ស្ថាប័នទាំងពីរបានកសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិទ្យា សាស្រ្ត និងនវានុវត្តន៍ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្កើងវិស័យនេះផងដែរ, ហើយ សម្រាប់បញ្ហានេះ រដ្ឋាភិបាលកូរ៉េក៏មានសុឆន្ទៈខ្ពស់ ក្នុងការជួយគាំទ្រ សម្រាប់ប្រទេសអភិវឌ្ឍ ជាពិសេសប្រទេសកម្ពុជា ដែលកំពុង នៅក្នុងដៃគូសហការ។
ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ាន COSTI លើកឡើងផងដែរថា ជុំវិញបញ្ហាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ យើងបានកំពុងសិក្សាជាមួយដៃគូ កូរ៉េបន្ថែម គឺចង់ដឹងអំពីមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធ ហើយភាគីទាំងពីរនឹងធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីរៀបចំចេញជាប្រព័ន្ធរឹង និងទន់។ ប្រសិនយើងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ វានឹងរុញទស្សនៈវិស័យរបៀបបវារៈស្រាវជ្រាវជាតិសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍លើកទី២០ នៅទីក្រុងសៀមរាប ដែលវេទិកាទាំងនេះមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេនកម្ពុជា ប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕ដោយ៖AFN