ខេត្តព្រះវិហារ៖នាពេលថ្មីៗនេះ មានពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗជិត១០០គ្រួសារមកសង់ផ្ទះតូចៗខុសច្បាប់ កាលពីឆ្នាំ២០១៨ត្រូវរុះរើចេញដោយខ្លួនឯង ព្រោះតំបន់នោះមានសត្វព្រៃជាច្រើនកំពុងរស់នៅ ទើបអាជ្ញាធរត្រូវចាំបាច់ត្រូវតែអភិរក្ស។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៤នេះ។
លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៤នេះថា អាជ្ញាធរខេត្តព្រះវិហារ សូមច្រានចោលនូវព័ត៌មានរបស់វិទ្យុបរទេសមួយចំនួនដែលផ្សាយថា អាជ្ញាធរទុកឱសានវាតឱ្យប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅតំបន់គូលែនព្រហ្មទេព ចាកចេញរយៈពេល ១៨ ថ្ងៃ។លោកបន្តថា តាមពិតកាលពីពេលថ្មីៗនេះអាជ្ញាធរបានចុះទៅណែនាំពលរដ្ឋចំនួន៦០គ្រួសារដែលមកសាងសង់ខ្ទមខុសច្បាប់លើដីរដ្ឋ ក្រោយឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២៤នេះត្រូវរុះរើចេញទៅនៅស្រុកកំណើតរបស់ខ្លួនវិញ។ប៉ុន្តែអាជ្ញាធរមិនបានដាក់ឱសានវាតឲ្យពលរដ្ឋនោះទេដូចការលើកឡើងនោះទេ គឺឲ្យពលរដ្ឋរុះរើចេញតាមសម្រួលតែប៉ុណ្ណោះ។
លោកបន្ថែមថាដីព្រៃរបស់រដ្ឋនៅតំបន់គូលែនព្រហ្មទេពនៃស្រុកគូលែនខេត្តព្រះវិហារ នេះគឺអាជ្ញាធរពាក់ព័ន្ធបានប្រឹងប្រែងគិតគូរអភិរក្សសត្វព្រៃជាច្រើនប្រភេទដែលកំពុងរស់នៅ ហើយបើពលរដ្ឋនាំគ្នាទៅកាប់ព្រៃធ្វើផ្ទះជាបន្តបន្ទាប់ដោយខុសច្បាប់បែបនេះអាជ្ញាធរត្រូវតែទប់ស្កាត់យ៉ាងដូច្នេះឯង។លោកបន្តទៀតថា ចំពោះពលរដ្ឋដែលត្រូវចាកចេញអាជ្ញាធរក៏កំពុងគិតគូរជួយរកទីតាំងថ្មីជូនពួកគាត់ដែលរស់នៅមុនឆ្នាំ ២០១៨ ផងដែរ។ ពាក់ព័ន្ធករណីនេះដែរ មន្ត្រីជំនាញបរិស្ថាននៃខេត្តព្រះវិហារ ដែលបានចុះសួរនាំប្រជាពលរដ្ឋរស់នៅខុសច្បាប់លើដីរដ្ឋខាងលើបានឲ្យដឹងថា ប្រជាពលរដ្ឋចំណាកស្រុកចំណាកស្រុកចំនួន៧២គ្រួសារ បានមកតាំងលំនៅដ្ឋានក្នុងឆ្នាំ២០២១ ដោយជឿតាមការអូសទាញរបស់មេខ្យល់ ថាពួកគេចែកដីអោយប្រជាពលរដ្ឋណាដែលបានមករស់នៅទីនេះ ចែកដីអោយក្នុង១គ្រួសារ ដីផ្ទះ៥០ម៉ែត្រគុណ១០០ម៉ែត្រ ដីចំការ៣ហិចតា តាមពិតដីនោះជាដីព្រៃគ្រប់គ្រងដោយក្រសួងបរិស្ថាន ការពារដោយព្រះរាជក្រិត្យ មិនអាចជនណាយកធ្វើជាកម្មសិទ្ឋិបានឡើយ។
មន្ត្រីដដែលថា ដំបូងឡើយប្រជាពលរដ្ឋមកធ្វើចំការមានតែ២ឬ៣គ្រួសារទេ ក្រោយមកចេះតែមានប្រជាពលរដ្ឋមករស់នៅបន្តបន្ទាប់ ទោះបីសមត្ថកិច្ចហាមប្រាមយ៉ាងណាក៏មិនស្តាប់ដែរ។មន្ត្រីបរិស្ថានដរដែលបានបន្តទៀតថាអាជ្ញាធរពាក់ព័ន្ធ តែងតែចុះមកប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអោយពួកគាត់យល់ដឹងពីច្បាប់និងអោយពលរដ្ឋរុះរើសំណង់អនាធិបតេយ្យចេញដោយស្ម័គ្រចិត្ត។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ក៏បានស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ សូមដកដីនោះមកជាដីរដ្ឋ ដែលការពារដោយមន្ត្រីបរិស្ថានវិញនិងថែរក្សាតំបន់ទីនោះឲ្យបានដូចដើមព្រោះតំបន់នោះជាតំបន់ដែនជម្រកសត្វទាស្លាបស និងសត្វព្រៃជាច្រើនដែលជាសត្វកម្រជិតផុតពូជទៅហើយ៕ដោយ៖AFN