ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានសហការគ្នាជាមយយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តសៀមរាប ចុះរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ដោយជំនួសវិញ ស្លាកផ្សព្វផ្សាយពីរូបភាព ប្រាង្គប្រាសាទ និង តំបន់ទេសចរណ៍។
ពាក់ព័ន្ធនិងករណីនេះដែរ លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី០២នេះថា អាជ្ញាធរខេត្តសៀមរាប បានផ្លាស់ប្ដូរផ្ទាំងប៉ាណូ តាមការណែនាំរបស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនិងការផ្សព្វផ្សាយហ្នឹងហើយ ។ចំពោះប៉ាណូសាធារណៈគឺយើងបានរៀបចំផ្លាស់ប្ដូរហើយ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណផ្សព្វផ្សាយ គាត់បានចរចាជាមួយនិងក្រុមហ៊ុនស្រាបៀរ ដែលបានស្នើផ្សព្វផ្សាយនេះ។ឥឡូវក្រុមហ៊ុនទាំងនោះកំពុងរៀបចំដោះដូរហើយ។បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកំពុងរកផ្ទាំងទេសភាពមកដាក់ជាបណ្តោះអាសន្នសិន ទម្រាំរកបានក្រុមហ៊ុនផ្សេងៗដើម្បីយកមកដាក់លើផ្ទាំងប៉ាណូនោះវិញ។
ចំណែកលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី០២ខែសីហាឆ្នាំ២០២៤នេះថា រដ្ឋបាលក្រុងសៀមរាប ក៏ជារដ្ឋបាលខេត្តសៀមរាប និងមន្ត្រីជំនាញបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនស្រាបៀរផ្សេងៗរួចហើយដើម្បីផ្លាស់ប្តូរផ្ទាំងបាណូផ្សាយពាណិជ្ជកម្មស្រាបៀចេញពីតាមផ្លូវ ដោយដាក់ជំនួសវិញ នូវរូបភាពនៅ ក្នុងតំបន់ទេសចរណ៍ដូចជា ប្រាង្គប្រាសាទ តំបន់ទន្លសាប ជាដើម។ លោកបន្ថែមថា គិតចាប់ពីថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ តទៅនឹងចុះប្តូរទាំងអស់នៅក្រុងសៀមរាប មិនថាតែផ្លូវលោកតាណឺយ នោះទេ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤កន្លងទៅនេះឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ពិនិត្យសើរើមើលឡើងវិញ នូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត និងលក់ចែកចាយគ្រឿងស្រវឹង។ឯកឧត្តមបន្តថា ការចេញវិធានការនេះគឺដើម្បីឈានទៅបិទបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈនៅទូទាំងប្រទេស នឹងថា នេះមិនមែនជាការយកមុខ យកមាត់អ្វីទេ តែជាការជួយឱ្យពលរដ្ឋខ្មែររួចផុតពីគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គមជាតិតែប៉ុណ្ណោះ៕ដោយ៖AFN