ខេត្តព្រះវិហារ៖ក្រុមអាជីវករដឹកផ្សិតប៉ក់យកទៅលក់នៅព្រំដែនអានសេះ នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥នេះ បានផ្ទុះការតវ៉ា ខណៈអាជ្ញាធរថៃ ហាមឃាត់មិនឲ្យដឹកផ្សិតប៉ក់ចេញតាមរទេះដោយឲ្យយួរម្តង១ថង់ ចូល ហើយម៉្យាងទៀតភាគីថៃ លើកឡើងថាខ្វះអនាម័យ។

ស្ត្រីឈ្មោះមុំ ជាអាជីវករនាំផ្សិតប៉ក់ ចេញទៅប្រទេសថៃតាមច្រកអានសេះ បានលើកឡើងថា ភាគីថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរ នាំចេញផ្សិតប៉ក់ នោះទេដោយគេថាខ្វះអនាម័យ និងឱ្យយើងលាងសម្អាត មុននាំចូលទៅប្រទេសថៃ។លោកស្រីបន្តថា បើភាគីថៃ បិទមិនឲ្យអាជីវករនាំទំនិញចូល ដូច្នេះពួកយើងក៏ស្នើឱ្យអាជ្ញាធរ ហាមមិនឲ្យគេភាគីថៃ នាំទំនិញចូលមកទឹកដីខ្មែរដូចគ្នាដែរ។
លោកនាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងថា ការផ្ទុះកំហឹងរបស់អាជីវករនៅច្រកអានសេះ នេះដែរ គឺបន្ទាប់ពីភាគីថៃ បានបិទមិនឲ្យអាជីវករ នាំចូលផ្សិតប៉ក់ ច្រើនពេក ដោយឲ្យអាជីវករ យួរក្នុង១ថង់១០គីឡូក្រាម។ ចំណែកទំនិញដឹកដោយរទេះ ត្រូវបានផ្អាកបណ្តោះអាសន្នសិន។លោកបញ្ជាក់ថា បច្ចុប្បន្នលោកបានព្យាយាមទំនាក់ទំនង ចរចារជាមួយភាគីថៃ ត្រូវហើយ ដោយឲ្យយួរម្តងមួយថង់ និងមិនឲ្យដឹកតាមរទេះ។តែក្រុមអាជីវករខ្មែរមិនព្រមចូលដោយសារខឹងនឹងអាជ្ញាធរថៃ។
ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា កន្លងទៅប្រទេសទាំង២បានព្រមព្រៀងគ្នាថា ច្រកអានសេះ គឺជាច្រកតូចមួយសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺស្រុកទាំងពីរជាប់ព្រំប្រទល់ថៃ និងកម្ពុជា ផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក មិនមែនសម្រាប់ឲ្យអាជីវករធំៗរកស៊ីនោះទេ។តែបើចង់រកស៊ីទាល់តែសុំច្បាប់ត្រឹមត្រូវ។

ឯកឧត្តមបន្តថា ការបិទមិនឲ្យពលរដ្ឋនាំផ្សិតប៉ក់ ចេញនេះ គឺបន្ទាប់ពីអាជ្ញាធរជំនាញនូវប្រទេសថៃមើលឃើញថាផ្សិតប៉ក់ នេះខ្វះអនាម័យ។តែខាងអាជ្ញាធរថៃ ឲ្យអាជីវករយូរម្ដងមួយថង់ ដោយមិនឲ្យដាក់ទំនិញជារទេះអូសចូលប្រទេសថៃទៀតនោះទេ។ជាការពិតណានេះគឺជាការយល់ឃើញនិងការសម្រេចចិត្តរបស់ភាគីថៃ។ឯកឧត្តមបន្ថែមថា អាជីវករខ្មែរយើងបានសំណូមពរឲ្យភាគីថៃជួយសម្រួលឲ្យដឹកទំនិញចេញជារទេះឡើងវិញ។ប៉ុន្តែភាគីថៃមិនអនុញ្ញាតនោះទេ។បច្ចុប្បន្នភាគីទាំងពីរកំពុងជជែកគ្នារកដំណោះស្រាយ ហើយចំពោះទំនិញចេញចូលក៏ត្រូវបានផ្អាកមួយរយៈដោយសារការចរចាគ្នានៅមិនទាន់ត្រូវគ្នានៅឡើយ។
សូមជម្រាបថា ច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកឲ្យដំណើរការច្រកព្រំដែនអានសេះ ក្នុង១សប្តាហ៍ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍៕ដោយ៖angkor flash news


