Friday, June 6, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”

ខេត្តសៀមរាប៖ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក្នុងន័យនេះ អាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត ព្រះសង្ឃ រួមនឹងសាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ទាំងអស់គ្នា តាមរយៈកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត” ដែលរដ្ឋបាលខេត្តនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនាខាងមុខនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹង កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំរុញការបង្កើតគ្រាប់ឈាមថ្មីជាដើម។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្ដល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាប ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដែលមានតម្រូវការឈាម។ ជាមួយនឹងកម្មវិធីបរិច្ចាគឈាមនេះដែរ យើងក៏មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុមរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមពិធីករកីឡាកម្ពុជា ដើម្បីអបអរសាទរទិវាបរិច្ចាគឈាមពិភពលោកខួបលើកទី២១ ផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម