ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើចាស់លាយឈើថ្មីត្រាំទឹកខុសច្បាប់១គ្រឿងចេញពីតំបន់ព្រៃព្រះរកា បម្រុងលោតឆ័ត្រយកទៅចែកចាយតាមខេត្តនានា ត្រូវកម្លាំងសមត្ថកិច្ចនៃខេត្តព្រះវិហារបង្ក្រាប បានកាលពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយមានការចូលរួមបីសំណាក់ រដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ កម្លាំងស្នងការដ្ឋានខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ បានធ្វើការដកហូតវត្ថុតាងរថយន្តម៉ាកយីឌុប ពណ៌ខៀវ០១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ3E-3891 ដឹកឈើមានចំនួនជាច្រើនម៉ែត្រគូប និងទ្វារជាច្រើនវង់ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមាន ឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹកនៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្ដាខេត្តផ្សេងៗ។ ប្រភពព័ត៌មានបន្តទៀតថា ក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈ្មួញឈើខាងលើមិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅតុលាការដើម្បីមានវិធានការនៅតាមផ្លូវច្បាប់។ប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់រថយន្តដឹកឈើខាងលើ ក៏មានសមត្ថកិច្ចខ្លះមិនពេញចិត្តផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥នេះថា ក្រោយពេលធ្វើការបង្រ្កាបនឹងរឹបអូសរថយន្តដឹកឈើខុសច្បាប់ខាងលើ យើងបានយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។ប៉ុន្តែរថយន្តខាងលើនោះខូចកំពុងជួសជុលតាមផ្លូវនៅឡើយ ដូច្នេះចំនួនឈើមានប៉ុន្មាននោះនឹងរាប់នៅពេលក្រោយ៕ដោយ៖AFN


