Friday, September 19, 2025
Header Banner

សមត្ថកិច្ចចម្រុះបង្ក្រាប ទំនិញខូចគុណភាពគ្រឿងក្នុងមាន់បង្កកជាង៣តោន នាំចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប


ខេត្តព្រះវិហារ៖ទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកចំនួន ៣តោននិង៥០០គីឡូក្រាម ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះ ធ្វើការបង្ក្រាបដុតកម្ទេចចោល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។


នៅក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មានសមាសភាពចូលរួម សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣តោ និង៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។


លោកបន្តថា កម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោលនូវទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) សរុបចំនួន ១៩៥ កេស ស្មើនឹង ៣,៥០០ គីឡូក្រាម ។
ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើត្រូវបានប្រគល់ឲ្យសាខាគយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម