ខេត្តសៀមរាប៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ឱ្យអនុវត្តការងារគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាននៃស្រុកជីក្រែង។

លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈសារព័ត៌មានសៀមរាបប៉ុស្តិ៍ ចុះផ្សាយថា «មានល្បែងយូគីកំពុងលេងនៅក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង» មក កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់សំណរ ចុះទៅដល់ទីតាំងដែលសារព័ត៌មានបានចុះផ្សាយ ភ្លាមៗ តែពុំបានឃើញសកម្មភាពលេងជាក់ស្ដែងទេ ក្រោយពីការសាកសួរម្ចាស់ផ្ទះ ឈ្មោះ អាន សំណាង ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ម្ចាស់ផ្ទះបានប្រាប់ថារូបភាពដែលបង្ហោះក្នុងសារព័ត៌មានសៀមរាបប៉ុស្តិ៍ ជារូបភាពចាស់ទេ។

បន្ទាប់ពីសាកសួរចប់ សមត្ថកិច្ចយើងបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យមានករណីលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយមានការចូលរួមពីសមាជិកភូមិដឹងឮ៕



