ខេត្តសៀមរាប៖ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។


បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ថា មានករណីលួចម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy i ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1JC-1170 កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ កែ សុខហេង (អាយុ ២០ឆ្នាំ) ភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការចូលរួម ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ បើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតស្វែងរកឃើញ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ភ្លាមៗ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពេលដែល ពួកគេ កំពុងធ្វើសកម្មភាព ដោះដូរផ្លាកលេខម៉ូតូ ដើម្បី បំភាន់ភ្នែក សមត្ថកិច្ច។ជនសង្ស័យទាំង០២ នាក់ ទី១/ឈ្មោះ ហាន ភា ហៅ ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជាជនដៃដល់ (ធ្លាប់ជាប់ពន្ធនាគារ ០១លើក រយៈពេល ០៨ខែ ករណីលួចម៉ូតូ) និងជនសង្ស័យទី២/ ឈ្មោះ ស៊ា សារ័ត្ន ហៅ ហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាបក្ខពួក (ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ០២លើក)។ជនសង្ស័យ ឈ្មោះ ហាន ភា បានសារភាព ទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២ លើកពិតមែន ដោយលើកទី១ នៅក្នុងខែសីហា ឆ្នាំ២០២៦ យកបានម៉ូតូម៉ាក Honda Click ពណ៌ស ផ្លាកលេខ ព្រះវិហារ 1E-2840 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ឱ្យឈ្មោះ ស៊ា សារ័ត្ន ជិះយកទៅ និងលើកទី២ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ យកបានលួចម៉ូតូ Honda Scoopy i បានហើយ យកមកប្តូរផ្លាកលេខ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង។ ជាមួយគ្នានេះ កម្លាំងជំនាញយើង បានធ្វើតេស្ត ស្វែងរកសារធាតុញៀន ជាលទ្ធផល ជនសង្ស័យឈ្មោះ ស៊ា សារ័ត្ន មានសារធាតុញៀន (វិជ្ជមាន) នៅក្នុងទឹកនោម។+ វត្ថុតាងដកហូតបាន-ម៉ូតូScoopy i ចំនួន០១ គ្រឿង ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1170 ត្រូវបានសុំគោលការណ៍ប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ ។-ម៉ូតូ Honda Click ០១គ្រឿង ពាក់ផ្លាកលេខ ព្រះវិហារ 1E-2840 យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពជនសង្ស័យទាំង០២ នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ Angkor flash news





