សៀមរាប៖មន្ទីកសិកម្មខេត្តសៀមរាប បានឲ្យដឹងថា កូនប្ញស្សីពូជសាំងម៉ុន (Dendrocalamus sp.)ចំនួន២០០០ដើម ត្រូវបានចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិថ្នល់ដាច់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ ,អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តផងដែរ។
លោក គង់ ប៉ុនលួស អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានឲ្យដឹងថាសហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ ហិចតា និងមានសមាជិក ៤៩នាក់។បន្ទាប់ពីអានរបាយការណ៍រួចលោក គង់ ប៊ុនលួស បានស្នើសុំឯកឧត្តម គណៈអធិបតីនិងប្រិភូ ជួយទំនប់ទឹកចំនួន២កន្លែង នៅជុំវិញព្រៃសហគមន៍ដើម្បីរក្សាទឹកបានច្រើនទុកការពារព្រៃទាំងនេះពីហានិភ័យផ្សេងៗ។
លោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀម រាបបានថ្លែងថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានសេចក្តីសោមនស្សរីករាយនិងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមក្នុងឱកាសដាំដើមឫស្សីនេះផងដែរ។ ព្រមជាមួយគ្នានេះលោកក៏សូមធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដ៏ស្មោះស្ម័គ្រនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្ដមានរបស់ឯកឧត្ដម លោកជំទាវលោក លោកស្រីជាប្រតិភូអមដំណើរដែលបានអញ្ជើញចូលរួមប្រារព្វចែកកូនឫស្សី នៅសហគមន៍ព្រៃឈើខ្នារពោធិឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកបន្តថា ខេត្តសៀមរាប ជាខេត្តមួយដែលមានសក្តានុពលលើការងារសហគមន៍ព្រៃឈើ ។ សហគមន៍ព្រៃឈើក្នុងខេត្តសៀមរាបចាប់ផ្តើមអនុវត្តក្នុងឆ្នាំ១៩៩៨ ដែលដំបូងឡើយអនុវត្តសាកល្បងក្នុងស្រុកតែមួយប៉ុណ្ណោះគឺស្រុកសូទ្រនិគម ។ ជាបន្តបន្ទាប់ដោយមានការគាំទ្រពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មកដល់បច្ចុប្បន្ននេះសហគមន៍ព្រៃឈើបានពង្រីកវិសាលភាពនិងអនុវត្តនៅក្នុងស្រុកចំនួន ១១ ដែលមានសហគមន៍ព្រៃឈើសរុបមានចំនួន៦២សហគមន៍មានផ្ទៃដីចំនួន ៣៤ ៤០១ ហិកតា ក្នុងនោះសហគមន៍ព្រៃឈើចំនួន ៥៩ បានទទួលប្រកាសពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើផ្ទៃដី ៣៣ ៦៦០ហិកតានិងសហគមន៍ព្រៃឈើចំនួន ៥៥ កន្លែង បានចុះកិច្ចព្រមព្រៀង លើផ្ទៃដី ៣១ ០៩៩ ហិកតា ។ ខេត្តសៀមរាបជាខេត្តដំបូងសម្រាប់ប្រទេសកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍មុនគេបង្អស់គឺប្រព្រឹត្តឡើងក្នុងឆ្នាំ២០០៧ ។លោកបន្ថែមថា ពិធីចែកកូននិងដាំកូនឫស្សីដែលយើងកំពុងប្រារព្ធនាពេលនេះគឺស្ថិតនៅសហគមន៍ព្រៃឈើខ្នារពោធិ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាបមានផ្ទៃដី១០២២ហិកតា មានភូមិចំនួន ៧ ភូមិ ត្រូវបានបង្កើតឡើងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៩៨ ទទួលស្គាល់តាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២២ ឧសភាព ឆ្នាំ២០០៧និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០០៩។លោកបន្ថែមទៀតថា ផ្អែកលើសក្តានុពលសហគមន៍ព្រៃឈើខ្នារពោធិ៍ ដូចជាសម្រស់ព្រៃកោងកាងទឹកសាបទំហំ៩៨ហិកតា ស្រះទឹកបូរាណ ចំការឫស្សី ទឹកជប់ ធនធានព្រៃឈើនិងសត្វព្រៃ សហគមន៍បានផ្តួចផ្តើមធ្វើសេវាកម្ម សហគមន៍ទេសចរណ៍ពីចុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ។លោកបន្តថា ប្រភេទឫស្សីដែលចែកជូនសហគមន៍នេះក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រភេទឫស្សីមានឈ្មោះវិទ្យាសាស្រ្ត Dendrocalamus ជាឫស្សីមួយប្រភេទដែលមានតម្លៃខ្ពស់ខាងសេដ្ធកិច្ច បរិស្ថាន និងសង្គម ដែលអាចបង្កើនគម្របបៃតងឡើងវិញ ទាក់ទាញភ្ញៀវទេសចរ និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការពារទីជំរាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី ជាដើម ។
នៅក្នុងឳកាសនោះដែរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាសហគមន៍គ្រប់ៗក្រុមគ្រួសារ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។ឯកឧត្តម ក៏បានជួយដោះស្រាយនូវកង្វល់របស់ប្រជាសហកមន៍ដែលបានស្នើសុំទំនប់ទឹកចំនួន២កន្លែង ដោយឯកឧត្តមនឹងចាត់ឲ្យអ្នកជំនាញនៃក្រសួងកសិកម្មចុះពិនិត្យនឹងធ្វើទំបន់ទឹកនេះជូនទៅតាមការសំណូមពរ គឺដើម្បីរក្សាបាននូវនិរន្តរភាពនៃការ គ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផងដែរ។ជាកិច្ចចុងក្រោយ គណៈអធិបតី និងថ្នាក់ដឹកនាំបានដាំនិងចែកកូនឫស្សី ឈ្មោះសាំងម៉ុន (Dendrocalamus sp.)ចំនួន២០០០ដើម ទៅឲ្យសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ព្រមទាំងថវិកាចំនួន៥០០ដុល្លារក្នុង១សហគមន៍។ឯប្រជាសហគមន៍ដែលអញ្ជើញចូលរួម ទទួលបាន ដើមឫស្សី និងថវិកាម្នាក់២ម៉ឺនរៀលផងដែរ៕សៀមរាបថែមស៍