Saturday, November 2, 2024
Header Banner

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន

សៀមរាប៖នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម) ដែលគាំទ្រដោយសហភាពអឺរ៉ុប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រតិភូចំរុះរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផលរបស់លោក សំណាង សុធា ស្ថិតនៅភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប និងចូលរួមក្នុងពិធីចែកទូកម៉ាស៊ីនចំនួន ១០ និងឧបករណ៍ប្រើប្រាស់ក្នុងការងារជលផលផ្សេងៗជូនដល់មន្រ្តីជលផលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ ព្រមទាំងជួបសំណេះសំណាល និងពិគ្រោះយោបល់ជាមួយសហគមន៍នេសាទកំពង់ភ្លុកផងដែរ។ នាឱកាសនេះ លោក ប្រធានសហគមន៍ បានសម្តែងការស្វាគមន៍ និងរាយការណ៍ជូនគណ:ប្រតិភូជ្រាបអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សហគមន៍ អភិរក្សសហគមន៍ បទពិសោធន៍ បញ្ហា ការការពារ និងប្រើប្រាស់ធនធានធម្មជាតិ ជីវចម្រុះប្រកបដោយនិរន្តរភាព ធ្វើអេកូទេសចរណ៍ បង្កើតតំបន់អភិរក្ស បោះបង្គោលព្រំប្រទល់ ដាំព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារផលប្រយោជន៍រួមរបស់សហគមន៍ផ្ទាល់។ បច្ចុប្បន្ន សហគមន៍មានទូកនេសាទខ្នាតតូច ៦០ គ្រឿង ខ្នាតធំចំនួន ២០គ្រឿង កាណូត ៨០០គ្រឿង និងទូកអុំ ២០គ្រឿង ចំណូលអាស្រ័យលើចំនួនភ្ញៀវទេសចរណ៍ គិតជាមធ្យម ២៥០-៣០០ដុល្លារក្នុងមួយខែ មិនរួមបញ្ចូលទាំងចំណូលពីផលនេសាទ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលផ្ញើជីវិតនៅលើផ្ទៃទឹក និងបានថ្លែងអំណរគុណដល់សហគមន៍ ដែលទទួលបានជោគជ័យក្នុងការការពារបាននូវធនធានធម្មជាតិ (មច្ឆជាតិ បក្សីទឹក និងព្រៃលិចទឹក) និងបរិស្ថាន រក្សានិរន្តរភាពនៃការនេសាទ សមត្ថភាពនៃការការពារ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ លើសពីនេះទៀត ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ជាគំនិតជូនសហគមន៍ ពិសេសរដ្ឋបាលជលផលឲ្យគិតគូអំពីកម្រិតជីវភាពរបស់ប្រជានេសាទតាមរយ:បង្កើតមុខរបរបន្ថែម ជំរុញវិស័យវារីវប្បកម្ម ដោយមិនត្រូវពឹងតែលើធនធានធម្មជាតិ បើមិនដូច្នេះទេយើងមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និង២០៥០។ ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ ឯកអគ្គរាជទូត បានឧបត្ថម្ភដល់សហគមន៍ចំនួន ១៥០សហគមន៍ ក្នុងនោះសហគមន៍នេសាទមានចំនួន ១០០ សហគមន៍ និងសហគមន៍ស្រះជម្រកត្រីមានចំនួន ៥០ សហគមន៍ ដោយសហគមន៍នីមួយៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លានរៀល៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម