Tuesday, November 5, 2024
Header Banner

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខាងកើតបឹងទន្លេសាប

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយ កម្លាំងសមត្ថកិច្ច និងសហគមន៍នេសាទកំពង់ឃ្លាំង សហគមន៍នេសាទមាត់ខ្លា សរុបជាង៣០នាក់ ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពី ចំណុច ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមរហូតទៅដល់តំបន់មាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបន្ថែមថា ជាលទ្ធផល កាប់បំផ្លាញនៅនឹងកន្លែងនូវឧបករណ៍ ដូចជា៖កាប់បង្គោលឈ្នុកចំនួន១៥កន្លែង ស្មើនឹង៣០០បង្គោល បរចំនួន៥គ្រឿង របាំងសាច់អួន ប្រវែង៨០០ម ចម្រឹង៣០០ដើម ព្រលែងកូនត្រីប្រមាណជា១០គ.ក្រ។សមត្ថកិច្ចបន្ថែមថា៖ ប្រជានេសាទក្នុងតំបន់នេះ ភាគច្រើនប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ឧបករណ៍នេសាទមានដូចជា៖ មងរាយ កន្សំកំពឹស លាន់អន្ទង់ លបព្រៀង សន្ទូច លបប្រើសាច់អួន ។ល។ដោយសារទិន្នផលត្រីក្នុងទន្លេសាបចេះតែថយចុះជាបន្តបន្ទាប់ បទល្មើសនេសាទក៏មានការថយចុះជាបន្តបន្ទាប់ ខុសប្លែកពីប៉ុន្មានឆ្នាំមុន។នៅក្នុងប្រតិបត្តិការនោះដែរលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប មានប្រសាសន៍ថា មន្ត្រីយើងជាញឹកញាប់ តែងតែបានចុះពិនិត្យជាប្រចាំនៅតាមគោលដៅភូមិសាស្ត្ររបស់ខ្លួន។តាមរយៈការខិតខំប្រឹងប្រែងនេះ គេសង្កេតឃើញថាបទល្មើសនេសាទខុសច្បាប់ថយចុះជាបន្តបន្ទាប់ បទល្មើសនៅមានតិចតួចបំផុត ។លោក ទា គឹមសុទ្ឋ បន្តថា បទល្មើសនេសាទខុសច្បាប់ថយចុះជាបន្តបន្ទាប់ ព្រោះពួកគាត់ខ្លះពឹងផ្អែកនិងអាស្រ័យផលតែលើការនេសាទជាលក្ខណៈប្រណៃណី ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួល បណ្តាលឱ្យទឹកមានសភាពគោករាក់ ធនធានមច្ឆជាតិក៍កាន់តែថយចុះ ពួកគាត់មួយចំនួនធំបានកែប្រែមុខរបរទៅជាលក់ដូរ រត់ម៉ូតូឌុប ខ្លះស្វែងរកការងារនៅឯទីប្រជុំជន ខ្លះទៅធ្វើចម្ការ ជាដើម។ យ៉ាងនេះក៏ដោយក្តី ក៏យើងត្រូវការ ការចូលរួមសហការពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន រួមគ្នាបំផុសនិងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា ជួយការពារទាំងអស់គ្នា និងត្រូវយល់ថា ធនធាននេសាទមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលតែម្ខាងនោះទេ មន្ត្រីជលផលពួកគាត់មានតួនាទីផ្តល់តែទៅលើការងារបច្ចេកទេសតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ទោះជាមន្ត្រីយើងខិតខំបង្ក្រាប ជាញឹកញាប់ដូចភ្លៀងរលឹម យ៉ាងណា​​ក៏៍យើងនៅតែមិនអាចបំបាត់ស់ឡើយ តែយើងអាចជួយការពារបានមួយផ្នែកធំដែរ ដូចជាការប្រើស្បៃមុងឬសាច់អួនខុសក្រឡាដែលច្បាប់ហាមឃាត់ហើយដែលយើងត្រូវទប់ស្កាត់និងបង្រ្កាប ។ លោក បានជម្រុញដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យឱ្យបានញឹកញាប់ បន្តការពិនិត្យទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំផងដែរ។យ៉ាងនេះក្តី បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប នៃខេត្តសៀមរាប ហាក់ចុះថយគួរឲ្យកត់សម្គាល់៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម