Wednesday, November 6, 2024
Header Banner

ឯកឧត្តម ហេង រតនា៖ ឆ្នាំ២០២០ CMAC រំដោះផ្ទៃដីចម្ការមីនសរុបជាង៩,២០០ហិចតា

ភ្នំពេញ៖របាយការណ៍បានឲ្យដឹងថា សម្រាប់រយៈពេញ១ឆ្នាំ២០២០កន្លងទៅ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដីចម្ការមីនសរុបជាង៩,២០០ហិចតា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣៩.២៤៩គ្រាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC)។

ការបញ្ជាក់របស់ឯកឧត្តម ហេង រតនា បានធ្វើឡើងនៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន។នាឆ្នាំ២០២០កន្លងទៅ នាំមកនូវលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC ដែលសំរេចបានសមិទិ្ធផលជោគជ័យគួរឲ្យកត់សម្គាល់ បើទោះបីជាក្នុងស្ថានភាពជម្ងឺកូវីដ-១៩ បានគំរាមកំហែងដល់សុខភាពសាធារណ: និងផ្តល់ការលំបាកដល់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC មួយចំនួនក៏ដោយ។ឯកឧត្តម បញ្ជាក់ថា “លទ្ធផលក្នុងឆ្នាំ២០២០ អង្គភាព CMAC បានធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង៩,២០០ហិចតា ស្មើនឹងប្រមាណ១១៥ភាគរយ នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង។ កិច្ចប្រតិបត្តិការពេញមួយឆ្នាំ២០២០ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣៩.២៤៩គ្រាប់”។ឯកឧត្តម ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន១៧.៣៦៣លើក ដែលស្មើនឹង៥៥៦.២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១.១៧៦.៣១២នាក់ និងគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម និងបញ្ចូលក្រមខ័ណ្ឌ និងដាក់មន្ត្រីអង្គភាពឱ្យចូលនិវត្តន៍ចំនួន៤៩២នាក់ ប៉ុន្តែទន្ទឹមនឹងជោគជ័យ ឆ្នាំ២០២០ បាននាំទៅជាមួយនូវបញ្ហាប្រឈម និងបទពិសោធន៍យ៉ាងច្រើនផងដែរ។

សម្រាប់ផែនការឆ្នាំ២០២១ ឯកឧត្តម ហេង រតនា បញ្ជាក់ថា អង្គភាព CMAC មានផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនប្រមាណ១១.៣០០ ហិចតា ផែនការនេះអាចរុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ៤០.០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥.០០០ករណី។ ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្រ្ដរបស់អង្គភាព ផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្រ្ដថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។

ដើម្បីឆ្លើយតបតំរូវការប្រតិបតិ្តការ ឯកឧត្តម ហេង រតនា អះអាងថា អង្គភាពស៊ីម៉ាក់ ចាំបាច់ត្រូវធ្វើកំណែទំរង់ សំដៅពង្រឹងសមត្ថភាពក្រុម សម្ភារ:បំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្រ្ដចម្ការមីន និងគ្រាប់ផងដែរ។ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីប្រតិបតិ្កការ អង្គភាពស៊ីម៉ាក់ប្រកាន់ទស្សនវិស័យជាមូលដ្ឋានចំនួន២ គឺស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតំរូវការខាងសេដ្ឋកិច្ចសង្គម នៃសហគមន៍រងការគំរាមកំហែង ដោយសារគ្រាប់មីន។

ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិកអង្គភាព CMAC ទាំងអស់ ឯកឧត្តម បានអរគុណប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដៃគូទាំងអស់ទាំងបរទេស និងកម្ពុជា ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អក្នុងឆ្នាំ២០២០ ដែលធ្វើឲ្យកម្លាំងសរុបនេះ ក្លាយជាថាមពលសំរេចបានជោគជ័យជាទីមោទន: ទោះបីជាក្នុងបរិបទកូវីដ១៩គំរាមកំហែងក៏ដោយ៕ ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម