ខេត្តមណ្ឌលគិរី៖អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ដែលហៅកាត់ថា (ក.ដ.ទ រឺ ACT) បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលមានសមាសភាពចូលរួមពីប្រជាសហគមន៍,អ្នកសារព័ត៌មាន សរុបចំនួន១៨នាក់។កិច្ចប្រជុំកិច្ចនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០២១ ស្ថិតនៅសាលប្រជុំផ្ទះសំណាក់សុខ ជីវ ក្នុងសង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីការអនុវត្តន៍សកម្មភាពកន្លងមក ការចែករំលែកបទពិសោធន៍ របស់បណ្តាញសន្តិភាព ការចែករំលែកចំណេះដឹង ភាពជាអ្នកដឹកនាំនៃភាពជាតំណាងរបស់សហគមន៍ ការតម្រង់ទិសពីរចនាសម្ព័ន្ធ និងគោលដៅរបស់អង្គការ ACT និងការរៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាពរបស់បណ្តាញសម្រាប់ឆ្នាំ២០២១។
កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានចែករំលែកចំណេះដឹង ស្តីពីភាពជាតំណាងសហគមន៍ ដោយធ្វើការប្រៀបធៀប ភាពខុសគ្នា រវាង ភាពជាតំណាង និងភាពជាអ្នកដឹកនាំ ដែលមានសារៈសំខាន់ ដល់សហគមន៍ ឬអង្គភាព យកមកអនុវត្តអោយសមស្រប តាមស្ថានភាព បរិបទសង្គម ដើម្បីឈានដល់ការសំរេចបានលទ្ធផលការងារល្អប្រសើរ ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ហើយមិនមានអ្នកណាម្នាក់ត្រូវបានបោះបង់ ឬទុកចោលឡើយ។លោកស្រីបន្ថែមថាដោយសារវបត្តិកូវីដ១៩ដែលបានរាតត្បាតពាសពេញពិភពលោកយ៉ាងធ្ងន់ធ្ងរ ទើប អង្គការ ACT បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដោយមានការជួបជុំគ្នាត្រឹមតែ១៩នាក់ និងមានគម្លាតសុវត្ថិភាព ដោយអង្គុយ ចម្ងាយ១,៥ម៉ែត្រ ពីគ្នា ព្រមទាំងមានពាក់ម៉ាស,បាញ់អាល់កុល,ជែល ទៅតាលការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។លោកវ៉ន ប៊ុនហួត អ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព បានសម្របសម្រួលកិច្ចពិភាក្សាអំពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន និងសហគមន៍ដែលបានជួបបញ្ហាប្រឈមជាប្រចាំ និងស្វែងរកផែនការជាយុទ្ធសាស្រ្តឆ្លើយតបទៅនឹងបញ្ហាប្រឈម។
ក្រោយពីតំណាងបណ្តាញអ្នកសារព័ត៌មាន និងតំណាងសហគមន៍ លើកឡើងពីបញ្ហាប្រឈមនានាដែលមិនទាន់ដោះស្រាយបានក្នុងតំបន់ និងសហគមន៍របស់ខ្លួន ក្រុមការងារបណ្តាញនីមួយៗ បានរៀបចំផែនការសកម្មភាព ឆ្នាំ២០២២ ដោយគ្រោងរៀបចំបើកវគ្គ បណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងវេទិការផ្សព្វផ្សាយ ស្តីពីសារព័ត៌មានសន្តិភាព ការស្វែងយល់ និងការដោះស្រាយទំនាស់ក្នុងសហគមន៍ និង គោលការណ៍ ភូមិឃុំមានសុវត្តិភាព បញ្ហាគ្រឿងញៀន ការកាប់បំផ្លាញព្រៃសហគមន៍ និងបញ្ហានានាដែលអាចឆ្លើយតបនិងបញ្ហាសហគមន៍។
ក្នុងនោះដែរសិក្ខាកាមបានកោតសរសើរដល់ថ្នាក់នាំអង្គការACTដែលបានបើកវគ្គសិក្សាពីកិច្ចការមូលដ្ឋានរបស់សហគមន៍ ដល់ពួកគាត់បានយល់ដឹងពីតួនាទីរបស់ពួកគាត់។សិក្ខាកាម បានស្នើឲ្យអង្គការACT បន្តបើកវគ្គសិក្សាពីជំនាញសារព័ត៌មាន និងបង្ហាញពីផ្លូវច្បាប់ អោយពួកគាត់បានយល់ដឹងដើម្បីបន្តយកចំណេះដឹងនេះបង្ហាញដល់សហគមន៍របស់គាត់បានយល់ដឹងផងដែរ៕ដោយ៖ពិសី