សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះអ្នកលក់កង់ ត្រូវបានអគ្គិភ័យឆាបឆេះទ្រព្យសម្បត្តិអស់ទាំងស្រុង និងបានរាលឆ្លងទៅឆេះផ្ទះអ្នកជិតខាង១ខ្នងនិងសាលារៀន១ខ្នង។ករណីអគ្គិភ័យឆាបឆេះផ្ទះនៅវេលាម៉ោង ១២,៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ខែមករាឆ្នាំ២០២១ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមបណ្តោយផ្លុវជាតិលេខ៦។
អធិការនគរបាលស្រុកសូទ្រនិគម គឺលោកវរសេនីយ៍ឯក ទេព ចាន់ណា បានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យអន្តរាយផ្ទះ ១ខ្នង ទំហំ ៩x២៥ម៉ែត្រ ថ្មក្រោម ឈើលើសំយាបដែក និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង (ផ្ទះផ្ទុកកង់ និងគ្រឿងកង់សម្រាប់លក់ច្រើនរយគ្រឿង) ខូចខាតទាំងស្រុង, ខូចខាតផ្ទះនៅក្បែរ ១ខ្នង (ខូច២០%) និងខូចខាតអាគារសាលារៀនបឋមសិក្សា៧មករា ១ខ្នង (១៥%) និងមិនមានមនុស្សរងរបួសទេ ។លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ សរ ចំរើន ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។លោកបញ្ជាក់ថា តាមការសន្និដ្ឋានជាបឋមគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះម្ចាស់មិននៅទាំងអស់គ្នា ទៅលក់កង់នៅផ្សារបាត់ ផ្ទះបិតទ្វារចោល។លោកបញ្ជាក់ទៀតថា លទ្ធផលកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនគរបាល ៣គ្រឿង គឺស្រុកសូទ្រនិគម ១គ្រឿង,ស្រុកប្រាសាទបាគង១គ្រឿង ,ស្រុកជីក្រែង ១គ្រឿង និងរថយន្តដឹកទឹកឯកជន ២គ្រឿង កម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារសរុបប្រមាណ ៥៥នាក់ ប្រើប្រាស់ទឹកអស់ ៧ឡាន រហូតដល់ម៉ោង ១៤និង៤៥នាទី រលត់ទាំងស្រុង។
ពលរដ្ឋលើកឡើងថា ករណីឆេះនេះពិតជាលឿនមែន សូម្បីរថយន្តពន្លត់អអ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលមានចម្ងាយតែ៣០០ម៉ែត្រពីទីតាំងកើតហេតុក៏មិនអាចជួយពន្លត់បានដែរ។ចឹងទេសូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង ចំពោះរឿងអគ្គិភ័យនេះ៕ដោយ៖ស្រីកែវ