ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី ដ៏ល្បីល្បាញដែលជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាអាស៊ីដំបូងគេរបស់កម្ពុជាត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជា តែងតាំងជាជំនួយការសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភាដែលមានថានៈជាអគ្គនាយក ។
នេះជាជំនួយការសម្ដេចប្រធានព្រឹទ្ធសភាក្នុងនីតិកាលទី៤ដោយពុំទទួលបានប្រាក់បំណាច់មុខងារឡើយ ។កីឡាការិនីស៊ន សៀវម៉ីជាម្ចាស់មេដាយមាស ស៊ីហ្គេមនិងជាម្ចាស់មេដាយមាសអាស៊ីមិនតែប៉ុណ្ណោះកីឡាការិនីរូបនេះធ្លាប់ចូលរួមប្រជែងយកកៅអីសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីលបានដោយជោគជ័យ ផងដែរ។
កីឡាការិនីរូបនេះមានបងប្ងូនចំនួន៣រូបដែលភ្ជាប់ខ្លួនជាមួយនឹងកីឡា ។ស៊ន អេលីតដែលជាអតីតអ្នកប្រដាល់សាកល និង ជាកីឡាករតេក្វាន់ដូមួយរូបដែរនោះពេលនេះបានក្លាយជាម្ចាស់ក្លិបប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយគឺក្លិបប៉ែន កាក់គុនខ្មែរ ។ កីឡាការិនីស៊នដាវីន ដែលជាបងស្រីរបស់កីឡាការិនីស៊ន សៀវម៉ីក៏ជាកីឡាការិនីតេក្វាន់ដូក៏មានឈ្មោះបោះសម្លេងមួយរូបដែលធ្លាប់ប្រជែងបានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមទៀតផង ៕ដោយ៖រាសី