សៀមរាប៖មន្ត្រីអាវុធហត្ថខេត្តសៀមរាប ម្នាក់ និងអ្នកកាសែតរួមនិងមនុស្សមួយក្រុមបាននាំគ្នាផឹកស៊ីក្នុងហាងយីហោ មហាលាភ ៩៩៩៩ ក្រោយមកក៏មានករណីផ្ទុះអាវុធ១គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង១០ នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ចំណុច ភោជនីយដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ចំពោះករណីនេះលោកតាំង ហូរ អ្នកកាសែតANN បានប្រាប់អ្នកសារព័ត៌មាន ថា ករណីនេះលោកកំពុងអង្គុយផឹកស៊ីជុំគ្នារួចហើយជនបង្ក ជាមន្ត្រីអាវុធហត្ថបានវាយលោក១ដៃ និងដកកាំភ្លើងរកបាញ់។គ្រានោះលោកក៏រត់គេចខ្លួនសិន នឹងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចផងដែរ។ចំណែកជនបង្កជាមន្ត្រីអាវុធហត្ថ មិនអាចសុំការពន្យល់បានទេដោយលោកថាកំពុងជាប់រវល់នៅក្នុងបន្ទាយ។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមការសួរនាំសាក្សី ករណីនេះបង្កឡើងដោយឈ្មោះ តាំង ហូ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ANN មានទីលំនៅបច្ចុប្បន្ន ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងខណៈកំពុងស៊ីផឹក បានធ្វើសកម្មភាពដោយយកកែវស្រាគប់ ទៅត្រូវក្បាលរបស់ឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅបច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាហេតុបណ្តាលឲ្យត្រូវថ្ងាសលើចិញ្ចើមភ្នែកផ្នែកខាងឆ្វេងរយះហូរឈាមពេញមុខ ដេរចំនួន ០៧ថ្នេរ និងមានស្នាមនៅលើក្បាល (របួសមុតអំបែងកែវ) ។ ក្រោយពីធ្វើសកម្មភាពគប់ទៅលើឈ្មោះ អ៊ុក សុផល ឲ្យត្រូវរបួសរួច ជនបង្កបានឈ្មោះ តាំង ហូ បានរត់គេចខ្លួនចេញទៅខាងក្រៅហាងបាត់ ដោយឈ្មោះ អ៊ុក សុផល ដឹងថាខ្លួនមានរបួសហូរឈាមពេញមុខ និងដងខ្លួនក៏បានដើរចេញពីកញ្ចុះផឹកស៊ី សំដៅមករថយន្តរបស់ខ្លួន ហើយបានបានទាញយកកាំភ្លើងខ្លីពីក្នុងរថយន្តដើរចេញមកខាងក្រៅ ហើយបានបាញ់ឡើងលើចំនួន ០១គ្រាប់ (អាវុធខ្លីដែលឈ្មោះ អ៊ុក សុផល បានប្រើបាញ់គឺម៉ាកK54) ។ដោយសារមុខរបួសហូរឈាមច្រើនពេក បុគ្គលិក និងសន្តិសុខក្នុងហាងខាងលើបាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ បន្ទាប់មកស្រាប់តែឈ្មោះ តាំង ហូរ បានចូលមកក្នុងហាងខាងលើម្តងទៀត ក៏បានស្រែកជេរឡូឡា ពេលនោះសមត្ថកិច្ចនគរបាលក៏បាននាំឈ្មោះ តាំង ហូរ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសួរនាំ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណី ហិង្សាខាងលើកើតឡើង គឺបណ្តាលមកពីផឹកស៊ីជាមួយគ្នា ក៏មានទំនាស់ពាក្យសម្តីគ្នា ។
បច្ចុប្បន្ន កម្លាំងការិយាជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវ និងសួរនាំសាក្សីនៅចំណុចកើតហេតុខាងលើ ដើម្បីអនុវត្តន៍តាមនីតិវិធី។
ប្រភពបានទម្លាយថា ហេតុការណ៍នេះបានកើតឡើងមានការចូលរួមផឹកស៊ីក្នុងហាងខាងលើមានគ្នា៥ទៅ៦នាក់ ដែលមានសមាសភាពចូលរួមមកពីខេត្តឧត្តរមានជ័យ ខ្លះផងដែរ ហើយករណីនេះគេទម្លាយថា ដោយសារទំនាស់ផលប្រយោជន៍៕ដោយ៖សេរី