សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជាងក្រឡឹងរថយន្តម្នាក់ល្បួងក្មេងស្រី នៅមណ្ឌលកុមារកំព្រា រំលោភបានសម្រេចរួចគេចខ្លួនត្រូវកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវឃាត់ខ្លួនទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ។
អធិការនគរបាលក្រុងសៀមរាប គឺលោកវរសេនីយ៍ទោ ដា ចំរើន បានឲ្យដឹងថ្ងៃទី១៧ខែកុម្ភៈនេះថា ករណីនេះកម្លាំងនគរបាលមូលដ្ឋាននៃក្រុងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងក្រឡឹងគ្រឿងរថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ លើអនីតិជន ។សូមរម្លឹកថា នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី នៅចំណុច ក្នុងព្រៃ ចំរាក់ភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប(កន្លែងកើតហេតុមិនច្បាស់លាស់ព្រោះយប់ងងឹត) ក្រុង-ខេត្តសៀមរាប ជនសង្ស័យឈ្មោះ គង់ សំអឿន បានបើកម៉ូតូ១គ្រឿង ឌុបជនរងគ្រោះឈ្មោះ ង.ស.ជ ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុង មណ្ឌលកុមារកំព្រា នៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ជនសង្ស័យ បានឌុបជនរងគ្រោះទៅដល់ចំណុចខាងលើក្នុងព្រៃ ក៏បានធ្វើសកម្មភាព ចាប់បង្ខំនិងទះកំភ្លៀង ទៅលើជនរងគ្រោះជាច្រើនដៃ រួចធ្វើសកម្មភាពចាប់ស្រាតខោរបស់ជនរងគ្រោះ រួចហើយក៏រំលោភ សេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចចំនួន០១ដង ដោយពេលនោះជន សង្ស័យ បាននិយាយគំរាមជនរងគ្រោះ មិនឲ្យស្រែក។ ក្រោយពីធ្វើសកម្មភាពរួមភេទ ទៅលើជនរងគ្រោះរួចហើយ ជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះមកផ្ទះរបស់គេ រួចហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកនៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៧និង៣០ នាទីព្រឹក ក្រោយពីទទួលបណ្ដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ រួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ គង់ សំអឿន មកធ្វើការសួរនាំ។ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាព ចាប់បង្ខំជនរងគ្រោះ ខាងលើ រួមភេទ បានសម្រេចចំនួន០១ដង ពិតប្រាកដមែន ហើយក្រោយពេលកើតហេតុ ជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួន នឹងបានឲ្យជនរងគ្រោះដោះប្តូរខោអាវ រួចយកខោអាវប្រពន្ធរបស់ខ្លួនមកឲ្យជនរងគ្រោះស្លៀកពាក់ ដោយយកខោអាវរបស់ជនរងគ្រោះលាក់ទុកនៅក្នុងផ្ទះរបស់គេ ហើយសមត្ថកិចយើងបានធ្វើការដកហូតអាវរបស់ជនរងគ្រោះបានមកវិញ ។នៅថ្ងៃទី១៧ខែកុម្ភៈនេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយ៖វាយោ