សៀមរាប៖នៅក្នុងពិធីចែកអង្ករដែលបានមកពីធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែការរាត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឲ្យប្រជាពលរដ្ឋមានការរងផលប៉ះពាល់ជាច្រើន ក្នុងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង ហេតុនេះរដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋបានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់នេះ ដែលនេះគឺជាសកម្មភាពនេះ ជាគំរូមួយដ៍ល្អ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង ។លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា អង្ករដែលបានធ្វើការចែកជូនប្រជាពលរដ្ឋក្រីក្រនៅពេលនេះ គឺបានមកពីការបង្កបង្កើនផលស្រូវលើផ្ទៃដីសែ្រទំហំ៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហើយហៅថាស្រែសង្គម ខណៈដែលការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋនេះ គឺរដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែក្នុងមួយគ្រួសារពី ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ក្រោយពីបង្កបង្កើនស្រូវក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផលលើផ្ទៃដី៤០ហិកតានេះបានស្រូវចំនួន៨០តោនរួចយកមកកិនជាអង្ករបានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ ក្រ២ និងប្រជាការពារ សរុបទាំងអស់ក្នុងទូទាំងស្រុកបន្ទាយស្រីមានចំនួន២.៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម ៕ដោយ៖វាយោ