Wednesday, May 14, 2025
Header Banner

បើកការរដ្ឋានជួសជុលក្រាលកៅស៊ូលើកំណាត់ផ្លូវជាតិលេខ៧៨ -៥

រតនគិរី ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្លូវជាតិលេខ៧៨ – ៥ ជាផ្លូវបំបែកចេញពីថ្នល់ជាតិលេខ៧៨ ត្រង់ចំណុចផ្សារស៊ីត្រា ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ផ្លូវមួយខ្សែនេះ ឆ្លងកាត់ស្រុកអូរជុំ ឆ្ពោះទៅស្រុកវើនសៃ និងស្រុកតាវែង។ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២១នេះ មន្ទីរសាធារណការខេត្តរតនគិរី បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីបើកការដ្ឋានកាត់ជួសជុលក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវជាតិលេខ៧៨ – ៥ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។ ពិធីបើកការដ្ឋានកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ នៅពេលនេះ ប្រវែង១៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ ចាប់ពីចំណុចមុខផ្សារទំនើបសុីត្រា ដល់ចំណុចមុខសណ្ឋាគារSNបឹងកំសាន្ត ស្ថិតនៅសង្កាត់បឹងកន្សែង ក្នុងក្រុងបានលុង។ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា ការជួសជុលផ្លូវនេះ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ លោក សាយ សាមានបន្តថា ផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តរតនគិរីផងដែរ។ លោកប្រធានមន្ទីរបានស្នើអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ មេត្តាចូលរួមបង្កលក្ខណៈងាយស្រួល ផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបាន យកទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគបរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទៀតផង។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យ ឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានឆ្លងរាតត្បាត ជំងឺកូវីដ-១៩ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកំពុងមានការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវ វិធានការ៣កុំ ៣ការពារ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕ ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម