Wednesday, May 14, 2025
Header Banner

នគរបាលខេត្តសៀមរាបប្រគល់សត្វសុនខ(ឆ្កែ)ចំនួន៥៨ក្បាលឲ្យមន្ត្រីជំនាញនិងអង្គការ Four Pawsថែទាំបន្ត

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលចរាចរខេត្តសៀមរាប បានប្រគល់សត្វសុនខ(ឆ្កែ)ចំនួន៥៨ក្បាលទៅមន្ត្រីជំនាញនិងអង្គការ Four Paws យកទៅថែរក្សាបន្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ។

  លោកព្រំ  វិច  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះថា ដោយមានការគាំទ្រពីឯកឧត្តមតាន់  ផាន់ណារ៉ា  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ  និងឯកឧត្តមអភិបាលនៃគណះអភិបាលខេត្តសៀមរាប ទើបមន្ទីរកសិកម្ម  រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប  បានចេញសេចក្តីជូនដំណឹង  លេខ២៩មកខ.សជណ  ចុះថ្ងៃទី ០៦ ខែកក្កដាឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់  ពិឃាដសត្វសុនខ(ឆ្កែ)។សេចក្តីជូនដំណឹងនេះត្រូវបានផ្សព្វផ្សាយទូលំទូលាយពិសេសស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។លោកបន្តថា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី  នៅចំណុចភូមិវាល  សង្កាត់គោកចក  ក្រុងសៀមរាប មានរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌បៃតងចាស់  ពាក់ស្លាកលេខ:ភ្នំពេញ2S.2158 បើកបរដោយឈ្មោះ  ផាត  សៀងហាក់  ចេញពីខេត្តបន្ទាយមានជ័យ  ឆ្ពោះទៅខេត្តកំពង់ចាម  បានបង្កគ្រោះថ្នាក់ចរាចរណ៍។ដោយពិនិត្យឃើញក្នុងរថយន្តមានដឹកសត្វសុនខ  ចំនួន៥៨ក្បាល(ញី៣៨ក្បាល)ធ្វើអាជីវកម្ម។ក្នុងនោះដែរ លោកប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប  បានជូនដំណឹងដល់លោកទា  គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២១។លោកបន្ថែមថា នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១  មន្ត្រីជំនាញបសុពេទ្យ  នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប  សហការជាមួយក្រុមការងារអង្គការ  Four Paws បានអនុវត្តវិធានការថែទាំសុខភាពសត្វ  សុនខ  ដែលកំពុងធ្វើចត្តាឡីស័ក  ចំនួន៥៨ក្បាល  (ញី៣៨ក្បាល)នៅស្ថាននីយ  ស្រាវជ្រាវផលិតកម្ម  និងបសុព្យាបាលសត្វទឹកវិល។ជាមួយគ្នានោះដែរ ប្រធានគំរោងនៃអង្គការ Four Paws បានឲ្យដឹងនៅថ្ងៃទី២៤នេះថា អង្គការ Four Paws ជាអង្គការមួយដែលមានភារកិច្ចគាំពារសត្វសុនខ(ឆ្កែ) ហើយអង្គការបានសុំកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធដើម្បីធ្វើកិច្ចការថែទាំសត្វសុនខ។ប្រធានគំរោងដដែលបានបន្តថា ផែនការបន្តអង្គការបានយកសត្វសុនខ(ឆ្កែ)ទាំងនេះទៅផ្ញើនៅក្នុងស្ថាននីយ  ស្រាវជ្រាវផលិតកម្ម  និងបសុព្យាបាលសត្វទឹកវិល ជាបណ្តោះអាសន្នសិន ក្នុងនោះយើងបានចាក់ថ្នាំការពារជម្ងឺឆ្កែឆ្កួត  និង ការពារជម្ងឺDHPP,ប្រើថ្នាំកំចាត់ចៃ ដោយAlprocide  និងថ្នាំទម្លាក់ព្រូនដោយCanex/Mebendazole, – ចាក់ មីក្រូឆីប/Animal ID។ប្រធានគំរោងដដែល បញ្ជាក់ថា បច្ចុប្បន្នខាងអង្គការកំពុងរកទីតាំងសមរម្យណាមួយឲ្យសត្វសុនខ(ឆ្កែ)ទាំងនេះ ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តចង់ចិញ្ចឹម។

  គេសង្ឃឹមថា ការធ្វើអាជីវកម្មសត្វសុនខ(ឆ្កែ)នឹងត្រូវបានកាត់បន្ថយជាបណ្តើរៗ ទៅតាមសេចក្តីជូនដំណឹងលេខ២៩មកខ.សជណ  ចុះថ្ងៃទី ០៦ ខែកក្កដាឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់  ពិឃាដសត្វសុនខ(ឆ្កែ)៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម