Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គ.ជ.ប ស្វាគមន៍ការវាយតម្លៃរបស់អង្គការខុមហ្រ្វែល លើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសស្វាគមន៍ចំពោះការចូលរួមរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ ស្តីពី “សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០” ហើយបានរកឃើញថា “ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន” លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥ភាគរយ នៃអ្នកបោះឆ្នោត ពិតជាមានវត្តមាននៅទីតាំងដូចគ្នា និងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករ ដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។

ជាមួយគ្នានោះ គ.ជ.ប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែកក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។ ចំពោះករណីដែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនោះ គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះពុំមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ។ យ៉ាងណាក៏ដោយ រាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត គ.ជ.ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមាន រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃជាដើម។

ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពីគោលបំណងនៃគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ ចំណុចនេះ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបោះឆ្នោតសាកល្បងនឹងសាកល្បងអនុវត្តកិច្ចការ ដូចខាងក្រោម ៖ ទី១- ប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ទី២- ប្រើប្រាស់ប៊ិកគំនូសគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ទី៣- ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធដូចជា កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត, កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។
ចំពោះអ្នកបោះឆ្នោត គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ៕ ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម