សៀមរាប៖បើតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៣នេះថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ជាប្រធានក្រុមទី៦ និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពគម្រោង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងសៀមរាប។ ជាមួយនឹងការចុះពិនិត្យគម្រោងសាងសង់ផ្លូវទាំងនេះ ក្រុមការងារ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងអ្នកពាក់ព័ន្ធ នូវបញ្ហាមួយចំនួនដូចខាងក្រោម ៖១. ការកាយមុខផ្ទះដោយប្រើរយៈពេលយូរចាក់បំពេញ មូលហេតុដោយសារការកាយក្នុងជំរៅជ្រៅពី១ម៉ែត្រ ទៅ ២ម៉ែត្រ និងត្រូវចំណាយពេលយូរចាក់បំពេញវិញ ដូចនេះ សូមក្រុមស្ថាបនា ជួយពន្លឿន ដើម្បីជួយសម្របសម្រួលុំឲ្យបងប្អូនម្ចាស់ផ្ទះចេញចូល។២.ការស្រោចទឹក បាន ៤ដង ក៏ពិតមែន តែនៅតែហ៊ុយ និងសុំឲ្យញឹកញាប់ជាងនេះ ព្រោះអាកាសធាតុក្តៅខ្លាំង និងតាមទីប្រជុំជន ហើយរដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលរកទីតាំងបូមទឹក។៣.រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្របសម្រួលឲ្យពលរដ្ឋ ដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយ ដែលចាំបាច់ត្រូវសម្របសម្រួលជាមួយអង្គភាពលូ ដើម្បីផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនេះ អនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ៕ដោយ៖វាយោ