សៀមរាប:ឈាមស្រែកស្បែកហៅ…នៅមុននេះបន្តិចកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំលោភរួចសម្លាប់នារីបម្រើការងារនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត បានហើយ។
លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២០:៣៥នាទីយប់ថ្ងៃទី០៤ខែមីនាឆ្នាំ២០២១ កម្លាំងក្រុម១ នៃការិយាល័លព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការចូលរួមពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ចុះធ្វើស្រាវជ្រាវរកជនដៃដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរៈបុគ្គលិកកាស៊ីណូ កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី០២ខែមីនា២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លុះដល់វេម៉ោង២១និង៤០នាទី ថ្ងៃទី០៤ខែមីនា២០២១ កម្លាំងយើងចាប់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។
លោកបន្តថា តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ់នេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ខែមីនាឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះពេលនាងបើទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ជិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួមក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែរកលោហធាតុពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ជិញ្ជៀនលោហធាតុពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់ឲ្យកំលាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី៕ដោយ :វាយោ