សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីជាកម្មកររើសគ្រាប់ស្វាយចន្ទី ម្នាក់បានអាំងខ្នប់ពងគីង្គក់ធ្វើជាអាហារបណ្តាលឲ្យពុលស្លាប់យ់ាងអណោចអធ័ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ខែមីនាឆ្នាំ២០២១ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ស្រេង ភារម្យ ភេទស្រី អាយុ ៤០ឆ្នាំ ស្រុកកំណើត ភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មកធ្វើការជាកម្មកររើសគ្រាប់ស្វាយចន្ទីឲ្យឈ្មោះ សុក ហុង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបន្ថែមថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាដើររើសគ្រាប់ស្វាយចន្ទីឲ្យឈ្មោះ សុក ហុង ជុំគ្នា នៅពេលកំពុងតែរើស ស្រាប់តែជនរងគ្រោះមានសភាពក្អួតចង្អោរ ខ្លួនក៏នាំជនរងគ្រោះមកខ្ទមដែលពួកគេស្នាក់នៅ ហើយក៏រាយការណ៍ប្រាប់ថៅកែឈ្មោះសុក ហុង ពេលនោះ ថៅកែបានបបួលទៅមន្ទីរពេទ្យ តែជនរងគ្រោះបានប្រាប់ថា មិនទៅទេព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ព្រោះព្រឹកមិញបានហូបខ្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយសម្រាកបន្ដិចលែងអីហើយ។ឃើញដូចនោះ ឈ្មោះ ឈឿន វ៉ូន បានទៅយកក្រូចឆ្មាមកច្របាច់យកទឹកដាក់លាយជាមួយស្ករសឲ្យផឹក បន្ទាប់មកជនរគ្រោះបានទៅដេកសម្រាកលើដីក្បែរគល់ដូង ចំណែកខ្លួនក៏ទៅហៅប្រជាការពារភូមិឲ្យមកជួយមើល ពេលជនរងគ្រោះកំពុងតែដេកៗ ស្រាប់តែជនរងគ្រោះមានសភាពខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង ខ្លួនក៏បានទូរស័ព្ទទៅប្រាប់សាច់ញាតិនៅឯស្រុកកំណើត ចំណែកថៅកែ ឈ្មោះ សុក ហុង ក៏បានរាយការណ៍ជូនសមត្ថកិច្ច។នៅក្នុងហេតុការណ៍នោះដែរសមត្ថកិច្ចរកឃើញ ក្បាល និងស្បែកគីង្គក់នៅលើជ្រញ់ ក្នប់ពងគីង្គក់ (មានស្នាមកាច់ស៊ី) និងគីង្គក់អាំងពីក្បាល នៅលើតុក្បែរចង្ក្រាន ការពិនិត្យផ្នែកក្បាល ដងខ្លួន និងអាវៈជីវៈ ពុំមានស្លាកអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយសាច់ញាតិក៏បានសណ្ឋានថា សពពិតជាស្លាប់ដោយសារពុលពងគីង្គក់មែន ហើយក៏មិនបានប្ដឹងទាមទារអ្វីឡើយ។សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សេរី