សៀមរាប៖បើតាមផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី និង ជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក កាលពីឆ្នាំ១៩៧៧ ក្រោមប្រធានបទ«ស្ត្រី និងការអភិវឌ្ឍក្នុង បរិការណ៍ កូវីដ-១៩» ។មានប្រសាសន៍ក្នុងឱកាសនោះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសំដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជានារី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងរយៈពេល១ឆ្នាំ ទោះបីមានការរាតត្បាតនៃមេរោគ កូវីដ-១៩ ក៏មន្ដ្រីយើងបានការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខថ្នាក់ដឹកនាំ ដែលធ្វើឱ្យគ្រប់គ្នាទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ លើវិធានការ ៣កុំ និង ៣ការពារ ក្នុងនោះ ៖ ៣ការពារ រួមមាន ៖ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល និង៣កុំ រួមមាន ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបគ្នាជាដើម ។ជាមួយគ្នានេះដែរ លោក ទា គឹមសុទ្ឋ បានជំរុញលើកទឹកចិត្តដល់មន្ត្រីទាំងអស់ក្នុងមន្ទីរ ត្រុវយកចិត្តទុកដាក់ខិតខំអនុវត្ត តាមតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវបង្កើនការចែករំលែក និង ផ្ទេរនូវបច្ចេកវិទ្យាផលិតកម្មកសិកម្មដល់កសិករ សម្រាប់បង្កើនខ្សែច្រវាក់ផលិកម្ម ឆ្ពោះទៅរក ទីផ្សារផ្គត់ផ្គង់ក្នុងស្រុក ឲ្យមានការឆ្លើយតបតាមតម្រូវការទីផ្សារ រួមមាន ៖ ស្រូវ , អង្ករ , បន្លែបង្ការ , ត្រីសាច់ និង ស៊ុតជាដើម ៕ដោយ៖វាយោ