Tuesday, May 13, 2025
Header Banner

សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំឲ្យផ្អាករាល់ការជួបជុំ នៅចំពោះមុខនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩

ភ្នំពេញ៖យោងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមយកឱកាសនេះអំពាវនាវ សូមផ្អាករាល់ការជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់ ខ្ញុំសូមអរគុណចំពោះបងប្អូន ដែលបានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានការធ្លាក់ចុះ សភាពការណ៍ពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបានគប្បីត្រូវតែពន្យារ គប្បីផ្អាក ពន្យារពេលរង់ចាំធ្វើនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ»។សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ស្ថាប័នឯកជនផងដែរ ឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ ព្រមទាំងបានអំពាវនាវដល់អាណាព្យាបាលកុំឱ្យកូនតូចចេញពីផ្ទះ ហើយមនុស្សចាស់ និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់ ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ។ក្នុងសារសំឡេងនេះ សម្តេចតេជោ បានឱ្យដឹងថា គិតត្រឹមម៉ោងជាង៩យប់ថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់បន្ថែមទៀត ដែលករណីថ្មីនេះ មាននៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងខេត្តព្រៃវែង ហើយក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ ។ សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ ហើយការផ្អាកការធ្វើការនេះ គឺធ្វើសម្រាប់ស្ថាប័នស៊ីវិលប៉ុណ្ណោះ ដោយឡែកស្ថាប័នកងកម្លាំងប្រដាប់អាវុធមិនមានផ្អាកនោះឡើយ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម