Tuesday, May 13, 2025
Header Banner

សិស្សវិទ្យាល័យសំរោង នៅតែបន្តស្រែកយំនិងដួលសន្លប់,ឯអ្នកភូមិបានរៀបចំពិធីបន់ស្រន់

សៀមរាប៖នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ សិស្សវិទ្យាល័យសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ​ប្រមាណជិត២០នាក់ នៅតែបន្ត មានអាការៈដួលសន្លប់ និង ស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និង ព្យាបាល ។ចំណែកអ្នកភូមិបានរៀបចំពិធីបន់ស្រន់អ្នកថែរក្សានៅទីនោះផងដែរ។  

  សមត្ថកិច្ចឲ្យដឹងថា តាមការស្រាវជ្រាវ គឺផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការៈភ័យស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើងតៗគ្នា ដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ ហើយអ្នកដែលមើលទៅមានអាការៈធ្ងន់ធ្ងរចំនួន ៣៣នាក់ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង អ្នកដែលមានអាការៈមិនសូវធ្ងន់ធ្ងរ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង និងបានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ។សមត្ថកិច្ចបន្ថែមថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺទាំងអស់គ្នានេះ គ្មានរោគសញ្ញាណាមួយដែលគួរឲ្យបារម្ភឡើយ ព្រោះពួកគាត់ទាំងអស់គ្នា ត្រូវបានពិនិត្យជាតិស្ករ , ពិនិត្យអុកស៊ីសែនក្នុងខ្លួន និង  ពិនិត្យមើលសម្ពាធឈាម គឺគ្មានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះតាមការសន្និដ្ឋាន ស្ថានភាពពួកគាត់នេះ គឺកើតឡើងបណ្ដាលមកពីអាការៈភ័យខ្លាចខ្លាំងពេក ខណៈឆ្នាំមុន ក៏ធ្លាប់កើតមានករណីដូចគ្នាផងដែរ លើសិស្សនៅក្នុងឃុំតាយ៉ែត ក្នុងស្រុកសូទ្រនិគម និង សិស្សនៅក្នុងស្រុកស្វាយលើ ដែលបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។

  ទោះបីជាមានការបកស្រាយពីសំណាក់អាជ្ញាធរយ៉ាងនេះក្តី គេសង្កេតឃើញមានសិស្សសាលាខាងលើនៅតែមានការដួលសន្លប់ជាបន្តបន្ទាប់ទៀតដដែល។ដោយឡែកក្រុមអ្នកភូមិបានឲ្យដឹងថា ករណីនេះអាចកើតឡើងដោយសារមានគេកាប់ដើមឈើធំនៅក្នុងសាលា​ហើយអ្នកថែរក្សានៅទីនោះមានការខឹងសម្បា ទើបធ្វើឲ្យមានហេតុបែបនេះ។បច្ចុប្បន្នក្រុមអ្នកភូមិបានរៀបចំបន់ស្រន់ទៅតាមទំនៀមទម្លាប់រួចហើយ។គ្រានោះក្មេងៗសិស្សសាលាទាំងនោះក៏បានធូរស្បើយមួយចំនួនផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម