សៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាម ជូនសមត្ថកិច្ចពាក់ព័ន្ធយកទៅអនុវត្តន៍នៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តបានសម្រេចដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបណ្ដោះអាសន្ន ចំនួន៦ទីតាំងនៅក្នុងខេត្តសៀមរាប ដែលជាច្រកសំខាន់ៗ ដើម្បីរឹតបន្តឹងនៅការចម្លងនៃមេរោគ covid-19។
ឯកឧត្តម ទៀ សីហា បន្តថា សូមស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់សហការជាមួយក្រុមការងារនៃមន្ទីរសុខាភិបាល ទីតាំងទី១នៅស្រុកជីក្រែងផ្លូវជាតិលេខ៦ ព្រំប្រទល់ជាប់ស្រុកស្ទោង ខេត្តកំពង់ធំ។ទី២ ពីផ្លូវជាតិលេខ៦៨ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ មកស្រុកស្រីស្នំ ។ទី៣ ស្រុកក្រឡាញ់ផ្លូវជាតិលេខ៦ព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។ទី៤ផ្លូវ៦៤ពីខេត្តព្រះវិហារ មកខេត្តសៀមរាប។ទី៥ផ្លូវជាតិលេខ៦៧ពីស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ព្រំប្រទល់និងខេត្តសៀមរាប។ទី៦ ផ្លូវជាតិលេខ៦៣ ជាផ្លូវទឹក ពីភ្នំក្រោម ចូលមកក្រុងសៀមរាប។ឯកឧត្តម អភិបាលខេត្តសៀមរាប បញ្ជាក់ថា យើងដាក់ប៉ុស្តិ៍ទាំង៦នេះ គឺមិនមែនបិទមិនឲ្យចូលទេ គឺក្នុងន័យស្រង់ទិន្នន័យសួរនាំ តើអ្នកធ្វើដំណើរនោះមានគោលដៅទៅណាខ្លះ តែបើមានមកពីខេត្តដែលមានហានិភ័យ ដូចជារាជធានីភ្នំពេញ,ព្រៃវែង,កំពង់សោម ត្រូវតែនាំខ្លួនយកមកធ្វើចត្តាឡីស័ក្ត និងពិនិត្យសំណាក បើសិនជាមកពីខេត្តផ្សេងៗក៏ត្រូវពិនិត្យមើលកំដៅនិងស្កេន ខ្យូ អកូដ qr code។ក្នុងនោះអាជ្ញាធរខេត្តនឹងឲ្យក្រុមការងារខេត្តរៀបចំអកូដ qr codeនៅតាមបណ្ដាប៉ុស្ដិ៍នីមួយៗដើម្បីងាយស្រួលសម្រាប់ធ្វើការថែមទៀត។ឯកឧត្តម អភិបាលខេត្តបញ្ជាក់ទៀតថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ មិនមែនការបិទច្រករឺក៏បិទខេត្តដ៏ទៃក្នុងការចូលមកខេត្តសៀមរាប នោះទេ។ក៏ប៉ុន្តែវាចាំបាច់ត្រូវតែរៀបចំការបង្ការបន្ថែមទៀតនូវហានិភ័យ ដែលនឹងអាចចូលមកខេត្តសៀមរាប៕ដោយ៖សេរី