សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយយោងតាមសមត្ថកិច្ចខេត្តព្រះសីហនុ ផ្តល់ព័ត៌មានមកថា ស្ត្រីម្នាក់ធ្វើការនៅខេត្តព្រះសីហនុ បានជិះតាក់ស៊ីមកពីខេត្តព្រះសីហនុ មកខេត្តសៀមរាប សមត្ថកិច្ចខេត្តសៀមរាបក៏បានចុះសម្ភាសន៍និងនាំខ្លួនស្រ្តីខាងលើមកពិនិត្យសំណាកនិងធ្វើចត្តាឡីស័ក្តិ នៅសាលាគរុកោសល្យ ដើម្បីរកមេរោគ។
សមត្ថកិច្ចបញ្ចាក់ថា នៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចឃុំសំរោងយា ស្រុកពួក បានចុះទៅដល់ផ្ទះ ឈ្មោះហ៊ន់ ស៊ីនឿត ភេទស្រីអាយុ៣២ ឆ្នាំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលទើបតែមកពីធ្វើការនៅខេត្តព្រះសីហនុបានអោយដឹងថានៅថ្ងៃទី៦ខែមីនាឆ្នាំ២០២១ វេលាម៉ោង១១យប់ ឈ្មោះហ៊ន់ ស៊ីនឿត បានជិះឡានតាក់ស៊ីប្រភេទកាំម៉ារីពណ៌លឿង ពុំស្គាល់ម៉ាកនិងផ្លាកលេខទេ។ចេញពីកំពង់សោម មកដល់ភ្នំពេញម៉ោង៥ទៀបភ្លឺ ហើយសម្រាកដល់ម៉ោង១០ ព្រឹកថ្ងៃទី៧ខែមីនា ទើបឡើងឡានកាប់ពីតូលដល់សៀមរាបម៉ោង១៧និង៣០នាទីល្ងាច ហើយបានជិះម៉ូតូកង់បី(ផាសអាប់)ពុំស្គាល់ម្ចាស់ ជូនមកដល់មុខផ្សារពួក ក៏បានតេហៅបងស្រីឈ្មោះហ៊ន់ ស៊ីណាន អាយុ៣៤ឆ្នាំនៅភូមិឃុំជាមួយគ្នាទៅយកមុខផ្សារពួកដោយបងពុំបានពាក់ម៉ាស់ទេ ពាក់តែមួកសុវត្តិភាព ឯឈ្មោះសីនឿត ពាក់ម៉ាស។ពេលមកដល់ផ្ទះដើរចូលផ្ទះនៅតែម្នាក់ឯង ពុំបាននៅជួបជុំជាមួយម្ដាយឪពុកបងប្អូនកូនចៅទេ។ចំណែកឈ្មោះហ៊ុន ស៊ីណាន ពេលដែលដឹកប្អូនមកដល់ផ្ទះបានទៅរស់នៅជាមួយក្រុមគ្រួសារជាធម្មតានិងព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ រូបគាត់បានទៅលើកជំនួនភ្លេងការចំនួនមួយរោងដោយពុំបានពាក់ម៉ាស់ទេ។
បច្ចុប្បន្នស្ត្រី២នាក់បងប្អូនត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនាំខ្លួនមកធ្វើចត្តាឡីស័ក្តនៅសាលាគរុកោសល្យខេត្ត។ឯអ្នកប៉ះពាល់ផ្ទាល់និងប្រយោលចំនួនជិត១៧នាក់ត្រូវបានធ្វើចត្តាឡីស័ក្ត នៅសាលាបឋមសិក្សាដូនស្វា ឃុំសំរោងយា ស្រុកពួក។យ៉ាងនេះក្តី គេបានដឹងថា ស្ត្រីឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រីអាយុ៣២ ឆ្នាំដែលមកពីខេត្តព្រះសីហនុ មានមេរោគ កូវីដ១៩។ប៉ុន្តែសមត្ថកិច្ចជំនាញនៅមិនទាន់អាចសុំការពន្យល់បានទេពីករណីហ្នឹង ដោយខាងមន្ទីរសុខាភិបាល ហៅទូរស័ព្ទ គ្មានអ្នកទទួល៕ដោយ៖វាយោ