តាកែវ៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគបាលស្រុកព្រៃកប្បាស នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ ជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង ១៥កៅអី១គ្រឿង គេចខ្លួនពីការធ្វើចត្តាឡីស័កនៅតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងគោលបំណងចូលទៅទឹកដីខេត្តតាកែវ ហើយឆ្ពោះទៅរាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនោះដែរអភិបាលស្រុកព្រៃកប្បាសលោក ញ៉ែម ស្រស់ បានបញ្ជាក់ថា ជនជាតិចិនទាំង ៩នាក់នោះ បានគេចខ្លួនពីតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ពីការធ្វើចត្តាឡីស័កចូលទៅខេត្តតាកែវ នៅពេលដែលតំបន់ជ្រៃធំនៃខេត្តកណ្ដាល បានរកឃើញជនបរទេសឆ្លងជំងឺកូវីដ-១៩។លោកអភិបាលស្រុក បានបន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិចិនទាំង ៩នាក់នោះ ត្រូវបានកម្លាំងនគបាលស្រុកព្រៃកប្បាស បានជូនដំណឹងដល់មន្រ្តីសុខាភិបាល និងអ្នកដឹកជនជាតិចិនទាំងអស់នោះ ទៅដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យភូមិតាកែវ៕ដោយ:វាយោ