សៀមរាប៖នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ បានដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញា ចំនួន ០៩ មុខ ស្មើនឹងទង្ងន់ជាង ០១ តោន នៅទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចនេះថា ការដុតកម្ទេចនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការចូលរួមពីលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក លឹម កង អនុប្រធានការិយាល័យសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋាន។
គួររំលឹកផងដែលថាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូលខេត្តសៀមរាប បានចុះបង្ក្រាបករណីបទរំលោភកម្មសិទ្ធិបញ្ញា ដែលបានស្ដុក លក់ និងចែកចាយផលិតផលក្លែងក្លាយបន្លំម៉ាកសញ្ញា Lotus with leg in Japanese Characters និងម៉ាកសញ្ញា Bento & Device ស្ថិតនៅផ្ទះលេខ ១១២-១១៤ ផ្លូវលេខ ១២ (បុរីសៀងណាំ) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ផុក ឆៃ អាយុ ៤៧ឆ្នាំ សញ្ញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះ អុឹង ជូ អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ។ សមត្ថកិច្ចចម្រុះ បានដកហូតវត្ថុតាងទំនិញខូចគុណភាព ដែលក្លែងបន្លំម៉ាកសញ្ញា និងផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ០៩មុខ ស្មើនឹងទម្ងន់ជាង ០១ តោន រួមមាន៖១-នំ Stick Biscuit កញ្ចប់ពណ៌ក្រហម-លឿង ចំនួន ៤៤៨០កញ្ចប់។២-សំបកវេចខ្ជប់ Good Taste (លឿង-ខៀវ) ចំនួន ០៨គីឡូក្រាម។៣-សំបកវេចខ្ជប់ Good Taste (លឿង-បៃតង) ចំនួន ១៨គីឡូក្រាម។
៤-នំសរសៃមឹក (មិនទាន់វេចខ្ជប់) ចំនួន ០២ស្បោង ១១គីឡូក្រាម។៥-មីសេះក្រហម ចំនួន ៤៨កេះ ស្មើនឹង ២៤០០កញ្ចប់។៦-នំម្ទេសខ្លា Showka មិនទាន់វេចខ្ជប់ ចំនួន ០៨បាវ ស្មើនឹង ៥៦គីឡូក្រាម។៧-នំពាក់កណ្ដាលសម្រេច ចំនួន ២១បាវ ស្មើនឹង ៥៧៨គីឡូក្រាម។៨-សំបកវេចខ្ជប់ Showka (លឿង) ចំនួន ១៤គីឡូក្រាម។៩-នំកងបំពងមឹករួយ ចំនួន ២៣ការុងធំ។
ចពោះជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមសហការជួយផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យកន្លែងណាមានប្រព្រឹត្តបទល្មើសខុសច្បាប់ សូមឲ្យទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះឲ្យបានទាន់ពេលវេលា ពីព្រោះការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់និងបទល្មើសបង្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះផ្តល់ព័ត៌មានរបស់បងប្អូនជូនសមត្ថកិច្ច ត្រូវបានរក្សាជាការសម្ងាត់៕ដោយ៖វាយោ