Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចចម្រុះស្រុកប្រាសាទបាគង​សហការគ្នាចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចខ្សែភ្លើងរបស់ពលរដ្ឋជាច្រើនដង

សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា ជនសង្ស័យម្នាក់ជំនាញខាងលួចខ្សែភ្លើងរបស់ពលរដ្ឋ ជាច្រើនដង នៅស្រុកប្រាសាទបាគងនិងស្រុកបន្ទាយស្រី ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង សហការគ្នាល្បាតអស់ជាច្រើនថ្ងៃ ទើបឃាត់ខ្លួនបាន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

  លោកបន្តថា ដោយមានកិច្ចសហការគ្នាល្អរវាង ប្រជាការពារភូមិ យោធាភូមិស្នាតេជោ៣១៧ នគរបាលប៉ុស្តិ៍បល្ល័ង្ក និងកម្លាំងនគរបាលអធិការស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះកែក កាយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួច (ខ្សែភ្លើង)នៅចំណុចភូមិខុំខាងលើ។លោកបន្តថា អង្គហេតុ នៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ យប់កម្លាំងប៉ុស្តិ៍បល្ល័ង្កនិងកម្លាំងប្រជាការពារភូមិ បានល្បាតតាមគោលដៅក្នុងភូមិសាស្ត្រឃុំបល្ល័ង្ក ពេលជិះល្បាតដល់ចំណុចស្រះទឹកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតនៅភូមិស្នារតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃើញមនុស្សប្រុសម្នាក់ពុំស្គាល់ ពេលនោះកម្លាំងល្បាតឈប់ម៉ូតូ  ស្រាប់តែមនុស្សប្រុសនោះបានរត់គេចខ្លួនចូលព្រៃ ហើយកម្លាំងល្បាតបានដេញតាមតែពុំទាន់ ពេលនោះសមត្ថកិច្ចបានពិនិត្យមើលកន្លែងដែលរត់គេចខ្លួន និងរកឃើញ សំភារៈដូចជា៖  កង់១គ្រឿង , ខោចំនួន១ , ពិលចំនួន១គ្រឿង , ទូរស័ព្ទដៃអិនចុចពិលចំនួន១គ្រឿង , ស្បែកជើង១គូ , ការ៉ុងចំនួន១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំកំបិតតូច១និងទុលឡាវីសកែច្នៃចំនួន១  និងបានពិនិត្យមើលនៅតាមបង្គោលភ្លើង ទើបដឹងថាជនសង្ស័យដែលរត់គេចបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខ្សែដី(ខ្សែណើត)អស់ចំនួន៣បង្គោលយកខ្សែភ្លើងអស់៣សសៃ។ដោយឡែក១ បង្គោលទៀតកាត់ខ្សែហើយតែយកមិនទាន់បាន។ សមត្ថកិច្ចបន្តថា ក្រោយមកកម្លាំងប៉ុស្តិ៍និងប្រជាការពារឃុំបល្ល័ង្កដាក់ការហ៊ុព័ទ្ធជុំវិញកន្លែងកើតហេតុរហូតដល់ភ្លឺ និងសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវតាមរយៈទូរស័ព្ទដែលបន្សល់ទុកនៅកន្លែងកើតហេតុទើបអាចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនបានតែម្តង។លោកបន្ថែមថា តាមចម្លើយសារភាពរបស់ឈ្មោះកែក កាយភេទប្រុសអាយុ២១ឆ្នាំនៅភូមិត្នោតឃុំអំពិលស្រុកប្រាសាទបាគងខេត្តសៀមរាបបានឆ្លើយសារភាពថា  ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅចំណុចភូមិស្នារតេជោ៣១៧ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ពិតមែននិងកន្លងមកធ្លាប់ធ្វើសកម្មភាពលួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ។ក្នុងនោះដែរយោងតាមបណ្តឹងរបស់ឈ្មោះឡាំគាវុធ (ជាអនុប្រធានសាខាអគ្គិសនីស្រុកបន្ទាយស្រី) បានឲ្យដឹងថា កន្លងមកតាមប្រអប់ភ្លើងក្នុងស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគងបានបាត់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។

   បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងកសាងសំណុំរឿងដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម