បន្ទាយមានជ័យ៖ កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានឃាត់ខ្លួនមេខ្យល់ចំនួន ២នាក់ ដែលនាំពលករចំនួន ១៤នាក់ លាក់ទុកក្នុងផ្ទះសំណាក់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យដឹងថា ជនសង្ស័យ២នាក់ជាមេខ្យល់ ទី១.ឈ្មោះ ចក់ រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ, ទី២.ឈ្មោះ យ៉ាន់ ប៊ុននី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងជរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកបានបញ្ជាក់ថា កម្លាំងបានស្រាវជ្រាវកំណត់មុខសញ្ញាហើយបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងពលករចំនួន ១៤នាក់ (ស្រី៩នាក់) នៅបន្ទប់ផ្ទះសំណាក់យីហោ ម៉ី ម៉ី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិដូង ឃុំ/ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា តាមចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ ខ្លួនពិតជាបាននាំពលករខ្មែរចំនួន ១៤នាក់ មកស្នាក់នៅក្នុងផ្ទះសំណាក់នៅស្រុកម៉ាឡៃហើយបម្រុងនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ តាមច្រកព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ហើយត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន ក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ ភ័ក្ត្រ