ភ្នំពេញ៖ ក្រសួងកិច្ចការនារីបាននឹងកំពុងធ្វើការងារជាមួយនឹងក្រសួងពាក់ព័ន្ធលើករណីលោកឧកញ៉ា ឌួង ឆាយ ដែលបានប្រើប្រាស់អំពើហិង្សាលើអតីតភរិយារបស់លោក គឺលោកស្រី ដេត ម៉ាលីណា។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការទទួលបន្ទុកព័ត៌មាន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីនៃក្រសួងកិច្ចការនារីបានលើកឡើងថា «បន្ទាប់បានឃើញវីដេអូនេះ យើងមានការអាណិតអាសូរដល់ជនរងគ្រោះ ហើយក៏មានការភ្ញាក់ផ្អើលយើងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើករណីនេះ»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា ម្សិលមិញ, លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សារបស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួនភ្ជាប់ទៅនឹងចំណងជើងដោយបង្ហាញការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកស្រី បានលើកឡើងថា «រយៈពេល១៣ឆ្នាំកន្លងមកនេះ គឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សានៅក្នុងគ្រួសាររហូតមានដល់យកកាំភ្លើងមកគម្រាមសម្លាប់ទៀតផង……។ល។»។ តាមរយៈវីដេអូ និងចំណងជើងនេះបានធ្វើឲ្យមហាជនមានការអាណិតអាសូរយ៉ាងខ្លាំងលើលោកស្រី ដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃលើរូបឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សានេះ។
គួរបញ្ជាក់ដែរថា ករណីនេះក៏មានការដឹងលឺដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចដោយសម្តេចបានបញ្ចេញមតិនៅលើវីដេអូនោះថា ហេតុអ្វី ដួង ឆាយ ឃោឃៅដល់កំរិតនេះ? ។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ា ដួង ឆាយ បានឡាយលើបណ្តាញសង្គម Facebook របស់ខ្លួនដើម្បីបកស្រាយករណីហិង្សារលើអតីតភរិយា ៕ ដោយ៖ ភ័ក្ត្រ