ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាអ្នកទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានសូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ក្រសួងសុខាភិបាល និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមការងារ ពិសេសសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ថែរក្សាព្យាបាលជំងឺលោកដោយមិនគិតពីការនឿយហត់។ នេះបើយោងតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានបន្តថា សូមសម្តែងនូវកតញ្ញូធម៌ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលជួយផ្តល់នូវការលើកទឹកចិត្ត និងយកចិត្តទុកដាក់ថែរក្សា ពិសេសការព្យាបាលជូនប្រជាពលរដ្ឋដែលទទួលរងនូវជំងឺកូវីដ-១៩នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិតជាមានសារៈសំខាន់ចំពោះអ្នកទទួលរងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅនេះ សូមចូលរួមពិនិត្យតាមដានអការៈផ្ទាល់ខ្លួនជៀសវាងចម្លងដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិ ពុកម៉ែបងប្អូន អ៊ុំ ពូ មីង និងអ្នកដទៃផ្សេងទៀត សូមឲ្យបងប្អូនទាំងអស់ទទួលបាននូវលទ្ធផលល្អ និងគោរពជូនពរឆាប់ជាសះស្បើយពីជំងឺក្នុងពេលដ៏ឆាប់ៗនេះ។ លោកស្នងការរងបានបញ្ជាក់ថា លោកបានជាសះស្បើយពីការចត្តាឡីស័កចំនួន១៤ថ្ងៃ និងបានអនុញ្ញាតពីលោកគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យ តែលោកនៅបន្តចត្តាឡីស័កចំនួន១៤ថ្ងៃទៀតព្រមទាំងគោរពអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការការពារ COVID-19 គឺ (៣ការពារ និង៣កុំ)។
កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក មាស ឫទ្ធី ពិធីករព័ត៌មានល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានអោយដឹងថា លោកស្នងការរងទទួលបន្ទុកផែនចរាចរណ៍គឺលោក សែម គន្ធា បានបញ្ជាក់ប្រាប់លោកថា លោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយតៗគ្នាលើបណ្តាញសង្គមនោះទេ គ្រាន់តែលោកត្រូវធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។
ចំណែកលោក សាន សុខ សីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏ធ្លាប់បានច្រានចោលព័ត៌មានថាលោក សែម សុគន្ធា មានវិជ្ជមានកូវីដ១៩ផងដែរ។ លោកបានឱ្យដឹងបន្ថែមថា “សំខាន់យើងយោងតាមឯកសាររបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងបើចេញមកយ៉ាងម៉េច យើងថាយ៉ាងនោះ មិនមែនថាឲ្យតែមនុស្សហ្នឹងឈឺសុទ្ធតែកូវីដនោះទេ។ មើលតែរបាយការណ៍ក្រសួងទៅដឹងហើយ បើអត់មានទេ យើងមិនអាចយោងលើសារនេះសារនោះជាផ្លូវការនោះទេ”។ដោយ៖ភ័ក្ត្រ