Sunday, November 24, 2024
Header Banner

មន្ទីរសុខាភិបាលខេត្តរតនគិរីបំភ្លឺចំពោះករណីរថយន្តគិលានសង្គ្រោះពេទ្យដាក់សពនៅពាក់កណ្ដាលផ្លូវថា «ជាការពិត» ខណៈអង្គភាពកំពុងរៀបចំដាក់ទណ្ឌកម្មចំពោះអ្នកបើកបររូបនេះ

ខេត្តរតនគិរី៖  មន្ទីរសុខាភិបាលខេត្តរតនគិរីចេញសេចក្ដីបំភ្លឺព័ត៌មានថា យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានាដែលបានចុះផ្សាយនាពេលកន្លងមកពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានដឹកបញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី មិនបានដល់លំនៅដ្ឋាននៃសព។

ពាក់ព័ន្ធការចុះផ្សាយខាងលើ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីសូមធ្វើការបំភ្លឺព័ត៌មានជូនសារធារណជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តបានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរដោយឈ្មោះ អ៊ិន ប៊ុនឡេង បានដឹកបញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ទៅលំនៅដ្ឋាននៃសពដែលស្ថិតនៅ ភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្តឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន។

មន្ទីរសុខាភិបាលខេត្តរតនគិរីបញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង»។

ជាមួយនេះដែរមន្ទីរសុខាភិបាលខេត្តអះអាងថា «មន្ទីរបាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»៕ ដោយ៖ភ័ក្ត្រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម