ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំស្តីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រីករាលដាលក្នុងកងយោធពលខេមរភូមិន្ទ។
យោងតាមសេចក្តីណែនាំបានឱ្យដឹងថា ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំនៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងកូវីដ-១៩នេះ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី។
សេចក្តីណែនាំបន្ថែមថា ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំង កូវីដ-១៩ ក្នុងជួរកងទ័ព អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចខាងក្រោម៖
១- បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
២- ផ្សព្វផ្សាយដល់យោធិនចំណុះឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៣- ត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួន ដែលបានរៀបចំកន្លងមកសម្រាប់ធ្វើ ចត្តាឡីស័ក ក្នុងករណីដែលយោធិននៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។
៤- បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាលនិងកម្លាំងអន្តរាគមន៍ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។ដោយ៖ ពំ ធានី