ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំដល់មេបញ្ជាការទាំងអស់ចំណុះឱ្យកងទ័ពជើងគោក យកចិត្តទុកដាក់ណែនាំដល់កងទ័ពក្រោមបង្គាប់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។
ការណែនាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហានម្នាក់ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិ ទោះបីជាបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់ហើយក៏ដោយ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពក្រោមចំណុះអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយជំរុញឱ្យរៀបចំមណ្ឌលចត្តាឡីស័កនៅក្នុងអង្គភាពក្នុងករណីដែលមានកងទ័ពវិជ្ជមានជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ដោយ៖ ពំ ធានី