Friday, April 18, 2025
Header Banner

បុរសជាប្តីត្រូវប៉ូលិសឃាត់ខ្លួនក្រោយកាប់ប្រពន្ធមួយប័ុងតោអោយរងរបួសធ្ងន់

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកអណ្ដូងមាសបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ ទៅលើស្ត្រីជាប្រពន្ធដោយប្រើកាំបិតប័ុងតោកាប់ចំត្រង់ភ្លៅខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១និង២០នាទី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចការដ្ឋានទី៣ នៅក្រុមហ៊ុនក្រុងបុក ស្ថិតនៅក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ដកហូតវត្ថុតាងកាំបិតប័ុងតោចំនួន១ ដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ យោងតាមរបាយការណ៍ពីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីណាត ណាក់ (ប្ដី) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិឡ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ សុខ វី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្នប្តីប្រពន្ធខាងលើរស់នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ មូលហេតុ ដោយសារប្រកែកពាក្យសម្ដីគ្នាព្រោះរឿងប្រច័ណ្ឌប្រពន្ធពេលកំពុងហូបបាយ បុរសជាប្តីក៏បានដើរទៅយកកាំបិតកាប់ដំឡូងមី យកមកកាប់ប្រពន្ធត្រូវចំភ្លៅខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវសាច់ញាតិដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាស្នននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕ រ័ត្ន ព្រឹក្សា

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម