ភរិយារបស់លោក ហួរ ឡាវី បានទទួលមរណភាព អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩
ភ្នំពេញ៖ លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។
បើតាមបណ្តាញសង្គមផ្លូវការរបស់កញ្ញា វី ឌីណែត បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូន សាធុ.សាធុសាធុ»។
ងាកមកតារាចម្រៀង ណុប បាយ៉ារិទ្ធ វិញ ក៏បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»។ យ៉ាងណាមិញ ជុំវិញការស្លាប់របស់លោកស្រី នួន សុផាន្នី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វី។ គួរជម្រាបថា ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួនមានអការៈធ្វើទុក្ខខ្លាំង៕
សូមរំលឹកថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ Great Duke នោះបានប្រកាសថា នៅពេលនេះប្អូនស្រីពៅរបស់នាង ទទួលបានលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ-១៩ ខណៈម្តាយរបស់នាងដែលបានឆ្លងជំងឺកូវីដ-១៩នេះ គឺកំពុងធ្វើទុក្ខខ្លាំងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ដែលធ្វើឲ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង។
កញ្ញា វី ឌីណែត បានសរសេរនៅលើផេកផ្លូវការរបស់ខ្លួនថា «នាងខ្ញុំពេលនេះបានធូរស្បើយច្រើនហើយ អរគុណបងប្អូនទាំងអស់ដែលបានបារម្ភសួរនាំ។ អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វើឲ្យយើងខ្ពើមបាយ។ ដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយ ដើម្បីទប់ទល់ជំងឺនឹងថ្នាំ»។
តារាចម្រៀងស្រីរូបនេះ បានបន្ថែមថា «អ្វីដែលគួរបារម្ភនៅពេលនេះ គឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីដ-១៩ដែរ ហើយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ។ ហើយអ្វីដែលកាន់តែគួរឲ្យបារម្ភ គឺម៉ាក់របស់ខ្ញុំពេលនេះ គាត់ធ្វើទុក្ខខ្លាំងណាស់ ហើយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហើយ។ សូមទេវតាតាមថែរក្សាពួកគាត់ផង ហើយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំសូមកំលាំងចិត្តឲ្យម៉ាក់ខ្ញុំផង»។
គួរជម្រាបថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង «I Am a Singer Cambodia» រដូវកាលទី២ កញ្ញាវី ឌីណែត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ខណៈម្តាយរបស់នាង លោកស្រី នួន សុផាន្នី ក៏បានឆ្លងកូវីដ-១៩ដែរ ហើយពេលនេះគឺប្អូនស្រីពៅរបស់នាង ក៏បានប្រកាសថា បានឆ្លងកូវីដ-១៩ ដែរ។ ដោយឡែកសម្រាប់ ឪពុករបស់នាង គឺលោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ៕ដោយ៖ពំ ធានី