សៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឃុំស្រែណូយ បណ្តាលឲ្យឪពុកស្លាប់នៅនឹងកន្លែងរីឯកូនបាក់ជើង ដោយសារបើកម៉ូតូទៅបុកគោយន្តកន្ត្រៃក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១៩នឹង៤០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៦៣.៦៤នៅចំណុចភូមិព្រៃខ្មុរ ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូម៉ាកឃ្លិចសេរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខឧត្តរមានជ័យ 1E.6544 ឈ្មោះ ខេង ចាន់វាសនា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ សែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ដឹកអ្នករួមដំណើរម្នាក់ឈ្មោះ ខេង ផល្លី ត្រូវជាឪពុក បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយបានបើកបុកគោយន្តកន្ត្រៃក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់របួសម្នាក់។ចំណែកអ្នកបើកបរគោយន្តកន្ត្រៃបានគេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចស្រុកវ៉ារិន បានចុះអន្តរាគមន៍វាសវែងនិងយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំស្រែណូយ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះជាកូន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ឯសព(ឪពុក)ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសាររងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វាយោ