Thursday, November 21, 2024
Header Banner

គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានជម្រុញឲ្យមានការរៀបចំជាបន្ទាន់នូវផែនការមេសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ

សៀមរាប: បើតាម page ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសតាមរយៈប្រព័ន្ធវីដេអូ Zoom នៅសាលាខេត្ត ដោយមានមន្រ្តីជំនាញពាក់ព័ន្ធ ប្រមាណជា៥០នាក់។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជម្រុញឲ្យមានការរៀបចំផែនការមេជាបន្ទាន់សម្រាប់ការចាក់វ៉ាក់សាំង ឲ្យបានទាន់មុនពេលដែលវ៉ាក់សាំងជំហានបន្ទាប់ ត្រូវបានបញ្ជូនមកដល់កម្ពុជា ( អាចនឹងចុងខែមីនា ឬមុនចូលឆ្នាំប្រពៃណីជាតិខាងមុខ ) ហើយការមកដល់នាពេលខាងមុខនេះនឹងមានប្រតិបត្តិការទ្រង់ទ្រាយធំ សម្រាប់ការផ្តល់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលក្នុងនោះត្រូវបានយកចិត្តទុកដាក់ដល់មនុស្សចាស់ អាយុ៦០ឆ្នាំឡើង ជាក្រុមមនុស្សអាទិភាពផងដែរ។

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនានេះ ចេញពីរាជធានីភ្នំពេញ តាមរយៈនៃកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom ទៅកាន់បណ្តារាជធានី-ខេត្តទាំង២៥ ពាក់ព័ន្ធនឹងការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នេះគឺជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីទទួលបាន នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ចមួយនេះ ដើម្បីបំពេញតួរនាទីនិងភារកិច្ច គ្រប់គ្រង ដឹកនាំ និងចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

កិច្ចប្រជុំនេះចង់បាន គឺជំរុញឱ្យកិច្ចដំណើការចាក់វ៉ាក់សាំង ត្រូវតែមានដំណើរការរលូនល្អ លឿនឆាប់រហ័សតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់ទៅនឹងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈផងដែរ ដោយឈរលើគោលការណ៍ផ្តល់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មិនគិតកម្រៃ តម្លាភាព មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍អ្វីទាំងអស់ ។  យ៉ាងណាក៏ដោយ លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជាដំបូងដែលបានអនុវត្តកន្លងមកនេះ គឺសំដៅទៅលើក្រុមមនុស្សដែលមានអទិភាពស្ថិតក្នុងតំបន់ និងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង ដូចជាកម្លាំងយោធា នគរបាល មន្រ្តីសុខាភិបាលជាដើម ហើយសម្រាប់អទិភាពបន្ទាប់ គឺក្រុមមនុស្សចាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង រួមទាំងមន្រ្តីរាជការចូលនិវត្តផងដែរ  ។

សម្រាប់កិច្ចដំណើការរបស់គណៈកម្មការចំពោះកិច្ចនៅថ្នាក់កណ្តាល និងកិច្ចដំណើរការរបស់អនុគណៈកម្មការចំពោះកិច្ចនៅថ្នាក់រាជធានី-ខេត្ត ត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្តល់ថវិកាចំនួន ១២ពាន់លានរៀល ដើម្បីប្រសិទ្ធភាពការងារដ៏សំខាន់មួយនេះ ( ការពារ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីស្ថានភាពរាតត្បាតនៃជម្ងឺកូវីដ១៩ ) ។  កិច្ចប្រជុំនេះ ក៏បានបង្ហាញឲ្យដឹងដែរថា  ការគ្របដណ្តប់នៃវ៉ាក់សាំងកូវីដ-១៩  គឺនៅបំណាច់ឆ្នាំ២០២២ នឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋគោលដៅឲ្យបានចំនួន១០លាននាក់ ឬ ស្មើនឹង៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុប ក៏ប៉ុន្តែមហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ជម្រុញឲ្យបានដល់ ពី៧៥% ទៅ ៨០% អាស្រ័យដោយវត្តមានចំនួនដូសនៃវ៉ាក់សាំង ដែលកម្ពុជាអាចទទួលបាន ។

ទន្ទឹមនឹងមហិច្ចតានេះ គណៈកម្មការចំពោះកិច្ច បានដាក់ចេញនូវផែនការឆ្លើយតបមួយ ដោយជម្រុញឲ្យអនុគណៈកម្មការចំពោះកិច្ចថ្នាក់រាជធានី-ខេត្តទាំងអស់ ចាត់ចែងពីឥឡូវនេះ លើការងារអនុវត្តផែនការពង្រីកសេវាផ្តល់វ៉ាក់សាំង ឲ្យបានខិតចូលជិតប្រជាពលរដ្ឋ នោះគឺការរៀបចំមណ្ឌលសុខភាព ជាកន្លែងចាក់វ៉ាក់សាំងនៅមូលដ្ឋានសហគមន៍។ ការស្រង់ស្ថិតិប្រជាពលរដ្ឋស័្មគ្រចិត្តទទួលវ៉ាក់សាំង និងការប្រមូលយកទិន្នន័យ នៃលទ្ធផលផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាការងារដែលត្រូវអនុវត្តឲ្យបានល្អបំផុតផងដែរ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម