ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យអ្នកកាសែតដឹងថា ក្រសួងមិនអាចបើកដំណើរសាលារៀនឡើងវិញទាំងប្រថុយបានទេគឺត្រូវគិតពីសុវត្ថិភាពសុខភាពជាចម្បងរបស់សិស្សានុសិស្ស ដើម្បីការពារកុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ១៩។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ នៃស្រុកកងមាសខេត្តកំពង់ចាមបានលើកឡើង ពីគោលការណ៍នៃការបើកសាលាឲ្យដឹងថា «យើងមិនអាចធ្វើទាំងប្រថុយប្រថាននោះទេ គឺយើងត្រូវគិតលើសុវត្ថិភាព សុខភាព អនាម័យជាចម្បងហើយការបើកសាលានេះគឺត្រូវធ្វើឡើង ៣ដំណាក់កាល។ដំណាក់កាលទី១គឺធ្វើឡើងចំពោះសាលាឯកជនដែលមានស្តង់ដារខ្ពស់ ប្រសិនបើទទួលបានលទ្ធផលល្អ នឹងបន្តទៅដំណាក់កាលទី២ និងទី៣ដោយយកគំរូតាមដំណាក់កាលទី១ និងស្របទៅតាមស្តង់ដារនៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក»។
ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា ធ្លាប់បានលើកឡើងថា ការដែលក្រសួងនៅមិនទាន់អាចបើកសាលារៀនឡើងវិញបាន គឺដោយសារក្រសួងមិនចង់ឲ្យមានការផ្ទុះជំងឺកូវីដ១៩ឡើងវិញ ដូចនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើបើកសាលារៀនទៅមានការផ្ទុះជំងឺកូវីដ១៩លក្ខណៈទ្រង់ទ្រាយធំនោះវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាដែលបានខិតខំអភិវឌ្ឍន៍អស់រយៈពេល២០ឆ្នាំកន្លងមកទៅនេះនឹងដើរថយក្រោយពិបាកនឹងស្តារឡើងណាស់»។
យ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងអំឡុងពេលបិទសាលា ក្រសួងបានខិតខំបន្តការបង្រៀនតាមប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាមធ្យោបាយផ្សេងៗជាច្រើនទៀត ដោយមិនបានផ្អាកដំណើរការនៃការសិក្សាឡើយ។
លោក ហេង វ៉ាន់ដា ប្រធានប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានឲ្យដឹងថា នៅដំណាក់កាលទី១ សាលាអន្តរជាតិធំៗ ចំនួន២០ដែលមានស្តង់ដារខ្ពស់នឹងបើកដំណើរការឡើងវិញនៅ ខែសីហា ឆ្នាំ២០២០នេះជាសាលាកម្រិតចំណេះដឹងទូទៅសម្រាប់សិស្សដែលជាកូនចៅរបស់មន្ត្រីការទូតនិងអ្នកជំនួញដែលមានការបង់ថ្លៃសិក្សាខ្ពស់ចាប់ពី៤ពាន់ទៅជាង១ម៉ឺនដុល្លារ។
លោកបានបន្តថា សាលាទាំង២០នោះ មាននៅរាជធានីភ្នំពេញចំនួន១៧ខេត្តសៀមរាបចំនួន២និងខេត្តបាត់ដំបងចំនួន១ដែលសាលាទាំងនេះនឹងត្រូវដាក់ពាក្យស្នើសុំមកក្រសួងជាមុនសិនដើម្បីឲ្យក្រុមការងារក្រសួងចុះពិនិត្យសាលាតើមានលក្ខណៈស្តង់ដារអនាម័យខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដូចជាត្រូវដាក់សិស្សក្នុង១ថ្នាក់១៥នាក់ ពាក់ម៉ាស់និងចងរបាំងមុខ ស្កេនកំដៅដល់សិស្សគ្រូនិងបុគ្គលិកជាប្រចាំនឹងត្រូវធ្វើតេស្តរកកូវីដ១៩ដល់សិស្សគ្រូនិងបុគ្គលិកមុនអនុញ្ញាតបើកសាលាជាផ្លូវការ។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថារហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡាកំពុងរង់ចាំលទ្ធផលពិភាក្សារវាងគ្រឹះស្ថានសិក្សាឯកជនទាំង២០ និងមាតាបិតារបស់សិស្សានុសិស្ស មុនឈានដល់ការចុះហត្ថលេខាលើអនុសារណៈយោគយល់ស្តីពីការសាកល្បងបើកដំណើរការដំណាក់កាលទី១ រវាងគ្រឹះស្ថានសិក្សាឯកជននិងក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបន្តថា ការសាកល្បងបើកដំណើរការដំណាក់កាលទី១ ទៅលើសាលាឯកជនមានស្តង់ដារខ្ពស់ទាំង២០នេះ ត្រូវផ្តល់ការឯកភាពតាមគោលការណ៍ស្ម័គ្រចិត្តបញ្ជូនកូនចូលរៀនរបស់មាតាបិតាសិស្សជាមុនសិន ទើបក្រសួងអនុញ្ញាតឲ្យសាលាទាំងនោះបើកជាផ្លូវការ។
លោកបានបន្ថែមថា នៅដំណាក់កាលទី១នេះក្រសួងនឹងចាប់ផ្តើមឲ្យសាលាទាំងនោះបើកដំណើរការនៅក្នុងកំឡុងខែសីហាឆ្នាំ២០២០ទៅតាមកាលបរិច្ឆេទចូលរៀនជាក់ស្តែងរបស់គ្រឹះស្ថានសិក្សាឯកជននីមួយៗ។
គួរបញ្ជាក់ថា ដើម្បីឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាសាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បន្តណែនាំ ត្រួតពិនិត្យ វាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០ ដោយឈរលើគោលការណ៍តម្រូវចំនួន៦រួមមាន១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដារ។
២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា ៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះមានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន ៤. គ្រឹះស្ថានសិក្សាទាំងនេះត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា៥. ក្រសួងនឹងចេញគោលការណ៍ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា៦. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា៕