សៀមរាប៖ យោងតាមផេករបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា អាជ្ញាធរខេត្តបានសម្រេចផ្អាក បណ្តោះអាសន្ននេះ បន្ទាប់ពីខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករ បើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្ត សៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បាន សម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។
លិខិតបានបញ្ជាក់ទៀតថា បងប្អូនដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបានជម្រាបជូនខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមានរពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និងគ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូមរួសរាន់ មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូម យកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។
ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាព ការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្ត នឹងជូនដំណឹងនាពេលក្រោយ៕ដោយ៖វាយោ