Friday, November 22, 2024
Header Banner

ពលរដ្ឋជាង៥០គ្រួសារនាំគ្នាតវ៉ាគ្រឿងចក្រជីកកាយយកអាចម៍ដីដែលធ្វើឲ្យប៉ៈពាល់ដល់ដីដែលកំពុងអាស្រ័យផលក្នុងបរិវេណអាងទំនប់អូរច្រនៀង

ខេត្តកំពត៖ ប្រជាពលរដ្ឋប្រមាណជាង៥០គ្រួសារដែលកំពុងអាស្រ័យផលកសិកម្មក្នុងបរិវេណទំនប់អូរច្រនៀងបាននាំគ្នាតវ៉ា ខណៈដែលមានគ្រឿងចក្រអាអិចជិត១០គ្រឿងធ្វើសកម្មភាពជីកកាយយកអាចម៍ដីដឹកតាមរថយន្តបែនយកទៅលក់ធ្វើឲ្យប៉ៈពាល់ដល់ដីដែលធ្លាប់អាស្រ័យផលរបស់ពួកគាត់នាពេលកន្លងមក។ ការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចអាងទំនប់អូរច្រនៀង ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ទាក់ទិននឹងករណីដូចខាងលើ យោងតាមសំដីរបស់ប្រជាពលរដ្ឋបាននិយាយថា ទីតាំងបរិវេណអាងទំនប់នេះកន្លងមកពួកគាត់បានអាស្រ័យផលដូចជាការធ្វើស្រូវពង្រោះ ឬដាំដំណាំរួមផ្សំផ្សេងៗ ប៉ុន្តែ ពេលនេះត្រូវគ្រឿងចក្រជាច្រើនគ្រឿងបានចុះទៅជីកកាយយកអាចម៍ដីដឹកជញ្ជូនតាមរថយន្តបែនរាប់សិបគ្រឿងដើម្បីយកទៅលក់។ ប្រភពបានបញ្ជាក់ទៀតថា ការជីកយកអាចម៍ដីខាងលើនេះពួកគាត់មិនដឹងថា ម្ចាស់គ្រឿងចក្រមានបំណងបែបណានោះទេ ដោយគ្រឿងចក្រទាំងនោះបានជីកកាយដីក្នុងសភាពរដិបរដុបជាច្រើនកន្លែងតាមទំនើងចិត្ត ថែមទាំងពុំមានអាជ្ញាធរណាជូនដំណឹងជាមុនឡើយ។ ទោះជាបែបណា ពលរដ្ឋដដែលបាននិយាយសង្កត់ធ្ងន់ថា ថ្វីត្បិតដីដែលពួកគាត់អាស្រ័យផលក្នុងបរិវេណអាងទំនប់អូរច្រនៀង ឃុំកំពង់ត្រាចខាងលិចជាដីរបស់រដ្ឋយ៉ាងនេះក្តី តែចំណុចនេះពួកគាត់ធ្លាប់បានដាំដុះអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ ដូច្នេះបើរដ្ឋបាលស្រុកកំពង់ត្រាចត្រូវអភិវឌ្ឍន៍អ្វីមួយក៏គួរតែជូនដំណឹងជាមុនសិន មិនមែនអនុញ្ញាតឲ្យក្រុមហ៊ុនដែលមានគ្រឿងចក្រចុះទៅជីកយកអាចម៍ដីបង្កផលប៉ៈពាល់ដល់ដីដែលគាត់ធ្លាប់អាស្រ័យផលបែបនេះឡើយ។

ជុំវិញរឿងរ៉ាវខាងលើលោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះថា តាមពិត កិច្ចការស្តារអាងទំនប់អូរច្រនៀង ក្នុងឃុំកំពង់ត្រាចខាងលិចនេះ ពិតជាគម្រោងរបស់ស្រុកដែលតម្រូវឲ្យក្រុមហ៊ុនគ្រឿងចក្រនានា ទទួលអនុវត្តការងារនេះជាលក្ខណៈសហការដោះដូរ ព្រោះតែរដ្ឋបាលស្រុកគ្មានថវិកាសម្រាប់ចំណាយលើការស្តារអាងទំនប់សម្រាប់ស្តុកទឹកជូនពលរដ្ឋប្រើប្រាស់បានឡើយ តែការជីកស្តារទំនប់នេះរដ្ឋបាលស្រុកបានកំណត់ឲ្យម្ចាស់គ្រឿងចក្រជីកកាយយកដីស្របទៅតាមលក្ខណៈស្តង់ដារបច្ចេកទេស ពោលគឺមិនមែនចេះតែជីកកាយយកអាចម៍ដីដូចក្នុងរូបភាពនេះឡើយ។

ចំពោះករណីនេះ រដ្ឋបាលស្រុកកំពង់ត្រាចក៏បានបញ្ជាដល់ផ្នែកពាក់ព័ន្ធចុះទៅផ្អាកកុំឲ្យគ្រឿងចក្រដំណើរការជីកយកអាចម៍ដីបន្តទៀត ដោយរង់ចាំការត្រួតពិនិត្យ  និងការកំណត់ជាថ្មីដើម្បីឲ្យគ្រឿងចក្រជីកស្តារទំនប់ទៅតាមលក្ខខណ្ឌស្របតាមស្តង់ដារបច្ចេកទេស៕ដោយ៖សាគរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម