សៀមរាប៖ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ឯកឧត្តម មានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសបានជួយបង្កភាពងាយស្រួល និងឆាប់រហ័សក្នុងការកាត់បន្ថយពេលវេលា ដោយមិនចាំបាច់ដឹកជញ្ជូនវត្ថុសំណាកទៅឯវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញទៀតឡើយ ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍បន្ថែមថា ជាមួយនឹងការដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រនៅក្នុងខេត្តសៀមរាបនេះដែរ អាចនិយាយបានថា ជាកម្រិតថ្នាក់តំបន់ដែលគ្របដណ្តប់និងបង្កលក្ខណៈងាយស្រួលដល់ខេត្តមួយចំនួននៅជាប់កៀកនឹងខេត្តសៀមរាប សម្រាប់យកវត្ថុសំណាកមកវិភាគដើម្បីធ្វើរោគវិនិច្ឆ័យ(តេស្ត)រកមេរោគកូវីដ១៩នៅទីនេះបាន ដូចជាខេត្តព្រះវិហារ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលនៅពេលនេះ បានរៀបចំដំឡើងរួចរាល់ហើយ ហើយមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក៏បាននឹងកំពុងជួយណែនាំបន្ថែមដល់មន្ត្រីជំនាញនៃមន្ទីរពិសោធនេះឲ្យកាន់តែស្ទាត់ជំនាញ និងវាយតម្លៃទៅវិញទៅមកទៅលើលទ្ឋផលនៃវត្ថុវិភាគរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធវេជ្ជសាស្ត្រខេត្តសៀមរាប ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែនៅកម្ពុជា ជំងឺកូវីដ១៩មិនឆ្លងដល់សហគមន៍ក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះថា បើកាលណាឆ្លងនាំចូលច្រើន វាអាចនឹងបង្កលក្ខណៈចម្លងនៅក្នុងសហគមន៍ ដូច្នេះដើម្បីទប់ស្កាត់ បង្ការ និងចៀសវាងការចម្លងចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល គឺការពាក់ម៉ាស , លាងដៃដោយសាប៊ូ ជេលឬអាលកុល , រក្សាគំលាតបុគ្គល និង គំលាតសុវត្ថិភាពសង្គម ហើយប្រសិនបើសង្ស័យថាសុខភាពមិនស្រួល ត្រូវហៅទៅកាន់លេខ១១៥ ដោយមិនអស់លុយ ។
គួររំលឹក គិតត្រឹមម៉ោង០៧៖០០ ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤០នាក់ ក្នុងនោះស្ត្រីចំនួន៤៦នាក់ ហើយបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន១៩៧នាក់ ក្នុងនោះស្រ្តីចំនួន ៤៣នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៤១នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់ ពិសេសនៅកម្ពុជា មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ទេ ៕