ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានជម្រាបជូនឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្តកណ្តាល សុំចាប់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចពោះព្រះសង្ឃ តាមមាត្រា ៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
-ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
-វីដេអូផ្សាយផ្ទាល់ (Live) លើផេករបស់បុគ្គល ផែង វណ្ណៈ ដែលមានឈ្មោះ Pheng Vannak News កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
តបតាមតាមកម្មវត្ថុខាងលើ ក្រសួងធម្មការ និងសាសនាសូម ជម្រាបជូន ឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់ (Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគំរាមកំហែងញុះញុងឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា “ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត” ដែលជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូចៅអធិការវត្តបូព៌នូវពាក្យមិនពិតដោយពោលថា លោកជាជនរងគ្រោះរត់គេចខ្លួនព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាលីដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។
ក្នុងនាមក្រសួងធម្មការ និងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះ សកម្មភាពដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឱ្យឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គល តាមច្បាប់ជាធរមាន ៕ដោយ៖ធានី