សៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៤នេះថា ជនសង្ស័យចំនួន២នាក់ដែលជាអ្នកបើកគ្រឿងចក្រ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការ ករណីឈូសរានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅស្រុកអង្គរធំ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំងពីខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គរធំ នាំខ្លួនទៅតុលាការនាព្រឹក ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២០ ក្នុងបទល្មើសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហុំពទ្ធ័កាន់កាប់ដីព្រៃឈើដោយខុសច្បាប់។ជនដែលត្រូវបញ្ជូនខ្លួនទៅតុលាការ ទី១ ឈ្មោះ រិន ដែន ជាតៃកុងត្រាទ័រ រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទី ២ ឈ្មោះ គា គុល ជាតៃកុង អេ ស្ការវទ័រ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោកបន្តថា ក្នុងប្រតិបត្តិការនោះក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមានដូចជា ត្រាក់ទរ័ចំនួនមួយគ្រឿង ម៉ាកគូបូតា៦០៤០ ពណ៌ក្រហម និងអេស្ការ ចំនួនមួយគ្រឿងម៉ាកGAT120ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំ បានសហការជាមួយ កម្លាំកងរាជអាវុធហត្ថខេត្តសៀមរាប ចុះ បង្ក្រាបបទល្មើសកាប់រានព្រៃ ឈូសឆាយដីព្រៃ ហុំពទ្ធ័កាន់កាប់ដីព្រៃឈើ នៅត្រង់ ចំណុចភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វើការរឹប អូសវត្ថុតាងរួមមាន ត្រាក់ទរ័ចំនួនមួយគ្រឿង និងអេស្ការ ចំនួនមួយគ្រឿង យករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈើអង្គរធំ៕